ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ បេសកកម្មនេះក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីបរិយាកាសវិនិយោគក៏ដូចជាកាលានុវត្តភាពធុរកិច្ចជូនធុរជន និងវិនិយោគិនដែលមានសក្តានុពលក៏ដូចជាមានចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ត្រូវបានសមាគមឧកញ៉ាកម្ពុជាចាត់តាំង ដើម្បីដឹកនាំប្រតិភូសមាគមដែលមានសមាសភាពដូចជា អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា លាង ពៅ ដើម្បីចូលរួមអមដំណើរ ឯកឧត្ដម ស៊ុន ចាន់ថុល ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារដំបូង ជាមួយ លោកជំទាវ Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មអេស្ប៉ាញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថាកម្ពុជា និងព្រះរាជាណាចក្រអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។
បន្ទាប់ពីបានស្ដាប់ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវ Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ៕