អគ្គរដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នេះបើតាមការឲ្យដឹងពីលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ។
គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ចម្ការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីសំណាក់អគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយរំពឹងថា ការនាំចេញជើងដំបូងនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ៕