លោកជំទាវ ជា សិរី លើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ពីការប្រកបអាជីវកម្មនិងសក្តានុពលវិនិយោគរបស់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួមក្នុងជំនួបនោះរួមមានដូចជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុន VISA, Mastercard, Ford និងក្រុមហ៊ុនអាមេរិកជាច្រើនទៀត។

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពអាជីវកម្ម បញ្ហាប្រឈម និងទស្សនវិស័យរបស់ ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នាឱកាសនោះ លោកជំទាវទេសាភិបាល បានជម្រាបជូនពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ការរីកចម្រើន និងបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងសក្តានុពលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។ លោកជំទាវក៏បានជម្រាបជូនពីគោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពសេដ្ឋកិច្ចផងដែរ។

កិច្ចពិភាក្សាបានលើកឡើងពីការរីកចម្រើនប្រព័ន្ធធនាគារនិងទូទាត់ ដែលក្នុងនោះការទូទាត់តាមអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ហើយសូមថ្លែងអំណរគុណក្រុមហ៊ុនអាមេរិកពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការធ្វើឌីជីថលូបនីយកម្មប្រព័ន្ធទូទាត់ និងក្នុងដំណើរការអភិវឌ្ឍវិស័យធនាគារ។ លោកជំទាវក៏បានជម្រាបជូនផងដែរថា ធនាគារជាតិនៃកម្ពុជា បានរួមចំណែកលើកកម្ពស់តម្លាភាពបរិយាប័ន្នហិរញ្ញវត្ថុ និងបានតភ្ជាប់ការទូទាត់នៅក្នុងតំបន់។

លោកជំទាវទេសាភិបាលបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក្នុងស្ថានភាពដែលកម្ពុជាមានសក្តានុពលជាច្រើនរួមមានវិស័យកម្មន្តសាល ទេសចរណ៍ កសិកម្ម និងហិរញវត្ថុ ជាដើម ជាមួយសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត៕