ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២.៦២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការរីកចម្រើននៃទីផ្សារនៅបណ្តាប្រទេសក្នុងហគមន៍អឺរ៉ុប គឺកើតចេញមួយផ្នែកពីកិច្ចគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម Ministry of Commerce និង សហគ្រិនខ្មែរ Khmer Enterprise ដែលបានជួយឧបត្ថម្ភដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការរៀបចំពន្លាតាំងផលិតផលស្រូវអង្ករកម្ពុជានៅក្នុងព្រឹត្តិការពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលមានក្រុមហ៊ុនចំនួន ៨ ជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តការណ៍នោះ៕