របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ខែមករា ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ៣២គម្រោង។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកគម្រោងវិនិយោគទាំងនេះ បង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ អ្នកវិនិយោគ លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគរហូតដល់ទៅ៣២គម្រោង ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាព។ របាយការណ៍បានឱ្យដឹងថា គម្រោងទាំង៣២នេះ មានទុនវិនិយោគសរុបជាង ១៨៧លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង។ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ ១) គម្រោងបង្កើតរោងចក្រផលិត គ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ២) គម្រោងបង្កើតរោងចក្រផ្ដុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ៣) គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ៤) គម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ របាយការណ៍បានឱ្យដឹងផងដែរថា ទុនវិនិយោគជាង ៧៨ភាគរយ មានប្រភពមកពីប្រទេសចិន, ៩.៦៥ ភាគ រយ មកពីប្រទេសសិង្ហបុរី, ៥.៣៤ភាគរយមកពីសហរដ្ឋអាម៉េរិក, ៣.៥៥ភាគរយ មកពីសាធារណរដ្ឋកូរ៉, និង ២.៧៣ភាគរយ ប្រភពក្នុងស្រុក។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការទទួលបាន ប្រាក់ចំណេញ និង ការធានាបាននិរន្តរភាពនៃច្រវ៉ាក់ផលិតកម្ម គឺជាលក្ខខណ្ឌដ៏ចម្បងបំផុតសម្រាប់អ្នកជំនួញគ្រប់រូប។ ដូច្នេះ មុនឈានដល់ការដាក់ទុនវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគត្រូវសិក្សាយ៉ាងល្អិតល្អន់បំផុតលើលទ្ធភាព ទទួលបានផលចំណេញ ជាពិសេសកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមនៅក្នុងប្រទេស គោលដៅវិនិយោគ ដើម្បីធានានិរន្តរភាពនៃការវិនិយោគ។
ក្រោមហេតុផលខ្លីខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការសម្រេចចិត្ត ដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះ គឺបានបង្ហាញច្បាស់ឱ្យឃើញនូវទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដើម្បីធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មានឧបសគ្គ។ បន្ថែមពីលើនេះ អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កាតាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ក៏បានចាត់ទុកគម្រោងវិនិយោគទាំងនេះ ជាផ្លែផ្កាកើតចេញនយោបាយការទូត សេដ្ឋកិច្ច និងការប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង៥ខែកន្លងទៅ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំ និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀរគរ និងបញ្ចុះ បញ្ចូល អ្នក វិនិយោគបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជា។ ក្នុងនោះរាល់ដំណើរទស្សនកិច្ចក្រៅប្រទេស សម្តេចធិបតី មិនដែលរំលងឡើយកម្មវិធីធុរកិច្ច និងជំនួបជាមួយអ្នកវិនិយោគ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា នៅក្នុងខែបន្តបន្ទាប់ទៀត កម្ពុជា នឹងទទួល បាន គម្រោងវិនិយោគពីបរទេសបន្តបន្ទាប់ទៀត ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ ការងារជូនប្រជាពលរដ្ឋកាន់តែច្រើន៕