ក្រុមហ៊ុន JTI ដែលលក់ផលិតផលជាង ១៣០ប្រទេសមានមូលដ្ឋាននៅស្វីស បើកការិយាល័នៅខេត្តព្រះសីហនុ

ក្រុមហ៊ុនថ្នាំជក់ និងបារីអេឡិចត្រូនិច JT International (Cambodia) Co. Ltd, (JTI) កាលពីថ្ងៃទី១៩ ខែមករា បានបើកការិយាល័យចែកចាយថ្មីប្រចាំខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ការបង្កើតការិយាល័យចែកចាយនៅខេត្តព្រះសីហនុ បានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា និងជាប៉ូលសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។ 

លោកថា ការបើកទំព័រពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ នឹងផ្ដល់ឱកាសដល់ក្រុមហ៊ុនពង្រីកនូវវិសាលភាពរបស់ខ្លួនបានកាន់តែលឿន និងផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនសម្រាប់ធ្វើការចែកចាយ។ ដោយសារខេត្តព្រះសីហនុ មានសក្តានុពលលើសេវាដឹកជញ្ជូនរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវគោក ផ្លូវដែក និងផ្លូវល្បឿនលឿនបានដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងដឹកជញ្ជូនទំនិញក្នុងវិស័យ Logistic ទៅកាន់ដៃគូរសហការ។ 

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុននឹងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធការត្រួតពិនិត្យថ្នាំជក់ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន JTI ជាក្រុមហ៊ុនផលិតថ្នាំជក់អន្តរជាតិរបស់ប្រទេសជប៉ុន គឺជាម្ចាស់នៃម៉ាកបារីលេខ២ លំដាប់ពិភពលោក ដែលជាម៉ាក Winston, Camel, MEVIUS, LD។ JTI និងបារីអេឡិចត្រូនិចអន្តរជាតិ ដែលមានដូចជាថ្នាំជក់ម៉ាក Ploom និងបារីអេឡិចត្រូនិចម៉ាក Logic។ នៅកម្ពុជា JTI ចែកចាយម៉ាកបារី Winston និង Mevius ជាដើម៕