ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd – AIAI) ស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅជំរុញលើកទឹកចិត្តវិនិយោគិនឯកជន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ជុំវិញអាកាសយានដ្ឋាន ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគ ងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែច្រើនឡើង។ នេះបើតមាការឲ្យដឹងក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូក្រុមហ៊ុន AIAI ដឹកនាំដោយ លោក លូ វៃ (Mr. Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។
អង្គប្រជុំបានជជែកពិភាក្សាអំពី គម្រោងនៃការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំយន្តការក្នុងរក្សារបៀបរៀបរយ និងលើកកម្ពស់សុវត្ថិភាពការប្រើប្រាស់ដងផ្លូវ ព្រមទាំងយន្តការថែទាំគុណភាពផ្លូវ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការពិនិត្យលទ្ធភាព និងឱកាសសមស្របមួយ ដើម្បីរៀបចំដំណើរទស្សនកិច្ចទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលអនាគត៕