កម្ពុជា ជាគោលដៅវិនិយោគអាទិភាពមួយនៅក្នុងតំបន់អាស៊ាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកប្រធានក្រុមហ៊ុនបានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ដែលក្នុងនោះ លោកបានសម្ដែងនូវការកោតសរសើរចំពោះគំរូវីរៈភាពដឹកនាំរបស់សម្តេចតេជោ ផងដែរ។

លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន មានមូលដ្ឋាននៅសិង្ហបុរី និង បាននិងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និង អចលនទ្រព្យ។ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជាក៏ជាគោលដៅអាទិភាពមួយដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុនបានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត ។

សម្ដេចធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍និងបំណងក្នុងការវិនិយោគលើវិស័យ ដែលបានរៀបរាប់ខាងលើនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរាជរដ្ឋាភិបាល អាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រាប់វិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្តដល់វិនិយោគិនបរទេស ក្នុងនោះសម្ដេចបានបញ្ជាក់ពីការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដោយផ្ដោតលើឧស្សហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ។

សូមជម្រាបថា ក្រុមហ៊ុន Temasek Holdings ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សាហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផលកសិកម្ម៕