នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។
ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនាឱកាសនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកប្រធានអគ្គនាយក និងបានបង្ហាញនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕