ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ដ្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលចតុមុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។
បាឋកថានេះបានរៀបចំឡើង បន្តពីបាឋកថាលើកទី១ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» កាលពីខែកញ្ញាកន្លង ទៅនេះ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន មន្ត្រីរាជការ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន និងសាធារណៈជនដែលបានទស្សនាផ្ទាល់តាមបណ្តាញសង្គមរបស់ក្រសួង និងកម្មវិធីទូរសព្ទ លើប្រធានបទដ៏មានសារៈសំខាន់និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងនៅក្នុងថ្នាក់តំបន់និងអន្តរជាតិមួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ជាអាទិភាពសម្រាប់ការអភិវឌ្ឍ និងទ្រទ្រង់សេដ្ឋកិច្ចសង្គមកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership) ហៅកាត់ថា RCEP គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយបន្ទាប់ពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក (World Trade Agreement: WTA) និងមានវិសាលភាពពាណិជ្ជកម្មធំបំផុតក្នុង តំបន់អាស៊ាន បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួល និងមានភាពទូលំទូលាយ ក្នុងការនាំចេញ ផលិតផល ទំនិញ និងសេវាកម្មរបស់ប្រទេសជាសមាជិកទៅកាន់តំបន់ផ្សេងទៀត។ ប្រទេសជាសមាជិក របស់ RCEP រួមមាន ប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដៃគូរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែដំបូងក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញ ទំនិញដែលមានតម្លៃប្រមាណជា ៥,៨១ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀង RCEP ទៅបណ្តាប្រទេសជា សមាជិក ដែលកើនឡើង ២៣,៦ភាគរយ ពីចំនួន ៤,៧ ពាន់លានដុល្លារ នារយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះ គោលដៅសម្រាប់កម្ពុជានាំចេញទំនិញ មានប្រទេសវៀតណាម ចិន និងជប៉ុន។
ជាមួយនឹងទំហំនាំចេញរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្តីក្រសួងព័ត៌មាន បានគូសបញ្ញាក់សាជាថ្មីពីភាពចាំបាច់ក្នុងការបញៀបចំណេះដឹងលើប្រធានបទនេះ ឱ្យបានទូលំទូលាយ និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានសិក្សាស្វែងយល់ពីប្រធានបទនេះឱ្យបានស៊ីជម្រៅ ដើម្បីបង្កើនការផ្សព្វផ្សាយជូនប្រជាជន និងជាពិសេសវិនិយោគិន ពាណិជ្ជករ និងសហគ្រិនវ័យក្មេងទាំង ជាតិនិងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបន្តចូលរួមចំណែកក្នុងការផ្សព្វផ្សាយចែករំលែកជូនសាធារណជនឱ្យបានជ្រួតជ្រាប ពីសក្តានុពលនៃកិច្ចព្រមព្រៀង RCEP ដើម្បីកម្ពុជាអាចទាញយកនូវអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះជាអតិបរមា និងឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង មានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
បាឋកថានាថ្ងៃនេះ បានផ្ដោតសំខាន់លើការវិភាគខ្លឹមសារឯកសារគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលមានសរុប២០ជំពូកនិងមានកម្រាស់ប្រមាណជា៥៥០ទំព័រ។ ដោយសារកិច្ចព្រមព្រៀងនេះ មានលក្ខណៈបច្ចេកទេសខ្លាំង ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានប្រៀប RCEP ទៅនឹងដំរីដ៏ធំមួយ ដែលតួអង្គទាំងអស់ក្នុងវិស័យពាណិជ្ជកម្មនៅ កម្ពុជា និងអ្នកពាក់ព័ន្ធចាំបាច់ត្រូវស្វែងយល់គ្រប់ផ្នែកទាំងអស់ ដើម្បីឱ្យមើលឃើញរូបភាពដំរីទាំងមូល ក្នុងគោលដៅទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀង RCEP គ្របដណ្តប់គ្រប់ប្រភេទនៃពាណិជ្ជកម្មទាំងអស់ រាប់បញ្ចូលទាំងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មកម្មសិទ្ធបញ្ញា ពាណិជ្ជកម្មសេវាកម្មនៅក្នុងក្របខណ្ឌ RCEP រាប់បញ្ចូល៖ សេវាកម្មធុរៈកិច្ច សេវាកម្មការទំនាក់ទំនង សេវាកម្មសំណង់ សេវាកម្មការចែកចាយសេវាកម្មការអប់រំ សេវាកម្មបរិស្ថាន សេវាកម្មហិរញ្ញវត្ថុ សេវាកម្មសុខភាពនិងសង្គមកិច្ច សេវាកម្ម ទេសចរណ៍ សេវាកម្មកម្សាន្ត វប្បធម៌និងកីឡា ព្រមទាំងសេវាកម្មដឹកជញ្ជូនជាដើម។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «សម្រាប់សក្តានុពលកម្ពុជា យើង ក្រៅពីពាណិជ្ជកម្មទំនិញ យើងមានឱកាសច្រើនលើពាណិជ្ជកម្មសេវាកម្ម។ ហេតុដូចនេះ សហគ្រិន វ័យក្មេងរបស់យើងត្រូវឆក់យកឱកាសនេះ ដោយចាប់ផ្តើមពីការសិក្សារៀនសូត្រដើម្បីសន្សំបទពិសោធពីសហគ្រិនបរទេស មុននឹងឈានទៅស្វ័យគ្រប់គ្រងទីផ្សាវិនិយោគ»។
ជាគោលការណ៍ ប្រភេទពាណិជ្ជកម្មនីមួយៗមានបទប្បញ្ញត្តិ និងលក្ខខណ្ឌបច្ចេកទេសខុសៗគ្នា។ យ៉ាងណាក៏ដោយ តាមរយៈកិច្ចព្រមព្រៀង RCEP ប្រទេសជាសមាជិកអាចទទួលបាននូវអត្ថប្រយោជន៍ពី ភាពបត់បែននៃការអនុវត្តវិធានពាក់ព័ន្ធនឹងខ្សែច្រវាក់ផ្គត់ផ្គង់ដោយមានវិធានប្រភពដើម (Rules of Origin: ROO) ជាមូលដ្ឋានស្នូល។ វិធានប្រភពដើមនេះ ជាបេះដូងនៃកិច្ចព្រមព្រៀង RCEP ដែលលើកកម្ពស់ការ បង្កើតបានជាផលិតផលអាស៊ី (Asian Product) និងបើកទីផ្សាក្នុងតំបន់ សម្រាប់តួអង្គសំខាន់ៗនិងអ្នក ពាក់ព័ន្ធទាំងអស់ក្នុងវិស័យពាណិជ្ជកម្ម។
នៅក្នុងបរិបទនៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន កាលានុវត្តភាពនៅក្នុង ប្រទេសកម្ពុជាត្រូវបានប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP មើលឃើញនិងកំពុងផ្ដោតការយកចិត្ត ទុកដាក់ ដោយសារកម្ពុជាមានប្រភេទកសិកម្ម សេវាកម្ម និងផលិតកម្មសម្បូណ៍បែប ដែលកំពុងតែមាន សន្ទុះឡើង បូករួមទាំងកម្លាំងពលកម្មជំនាញ សម្រាប់ការវិនិយោគជាតិនិងបរទេស។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា៖ «កិច្ចព្រមព្រៀង RCEP នឹងក្លាយទៅជាប្រភពមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងថ្ងៃអនាគត ដែលវាជាកត្តា ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវចាប់យកឱកាសនេះ ដើម្បីស្វែងយល់ឱ្យច្បាស់ពីបទដ្ឋានគតិយុត្ត និង វិធាននានានៃកិច្ចព្រមព្រៀងនេះបន្ថែមទៀត ខណៈកម្ពុជានឹងបន្តដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុង ក្របខណ្ឌនៃភាពជាដៃគូជាមួយប្រទេសទាំងអស់ក្នុងតំបន់ សម្រាប់ជាមាគ៌ានាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕