ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ លំនៅឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យម ៤៦៧,៧ លានរៀល ពោលគឺបានថយចុះ ០,៧% ធៀបនឹងខែមុន និង ថយចុះប្រមាណ ១,១% ធៀបនឹងខែដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
តែយ៉ងណា របាយការណ៍បានបង្ហាញថាសម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះ ធៀតម្លៃលំនៅឋាននៅរាជធានីភ្នំពេញបានកើនឡើងប្រមាណ៦,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២កន្លងទៅ ខណៈតម្លៃលំនៅឋាននៅតាមបណ្ដាខេត្តផ្សេងក៏បានកើនឡើងប្រមាណ ៥,៣ភាគរយ។
ជាការកត់សម្គាល់ ថ្វីត្បិតតែស្ថានភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ មិនទាន់ប្រសើរដូចកាលមុនឆ្នាំ២០២០ក្ដី តែម្ចាស់បុរី និងអ្នកអភិវឌ្ឍលំនៅឋាននៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតដោយមិនបញ្ឈប់ឡើយ។
ការអភិវឌ្ឍលំនៅឋាន បានរួមចំណែកក្នុងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់យ៉ាងច្រើន។ ជាក់ស្តែង នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដាក់ទីតាំងលើគម្រោងរបស់ខ្លួននៅតំបន់ណាមួយ គេតែងតែសង្កេតឃើញថា ក្រុមហ៊ុនឬអ្នកអភិវឌ្ឍន៍នោះ តែងតែរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ជាពិសេសផ្លូវតភ្ជាប់ពីផ្លូវធំទៅកាន់ទីតាំងនៃគម្រោងលំនៅឋាននោះតែម្ដង៕
អត្ថបទ៖ អក្ខរា