ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលជាផលកម្ពុជាទទួលបានពីគម្រោង BRI រួមមាន៖ ផ្លូវបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ២,១០០លានដុល្លារ។ គម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងជាង ៥០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ៦៧០លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន ប្រវែងប្រមាណ ១ម៉ឺនម៉ែត្រ ប្រើប្រាស់ថវិកាជិត ៣៧០លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែងប្រមាណ ១.៧០០ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១លានដុល្លារ។
ក្រៅពីនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងសាងសង់ ព្រលានយន្តហោះសៀមរាប ទើបបើកដំណើរការថ្មីៗនេះ ព្រលានយន្តហោះទីពីរនៅភ្នំពេញ កំពុងសាងសង់ និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបានមកពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”របស់ចិន។ ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនឯកឧត្តម វ៉ាង វិនធៀនអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។ បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រជាកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប៕
អត្ថបទ៖ អក្ខរា