ក្រុង Dalian របស់ចិន ប្រកាសហោះហើរផ្ទាល់មកកាន់ខេត្តសៀមរាប ក្រោយការចងសម្ព័ន្ធមេត្រីភាព

គណៈប្រតិភូក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប រួមមានវិស័យអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។

លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា គោលបំណងរបស់ប្រតិភូនាពេលនេះ គឺសំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង Dalian និងខេត្តសៀមរាប ដើមី្បចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួន។

តំណាងភាគីចិនបានបញ្ជាក់ថា ភូមិសាស្ត្រសេដ្ឋកិច្ចរបស់ក្រុង Dalian ជាក្រុងមួយមានយន្តហោះផ្ទាល់ ហើយគ្រោងនឹងធ្វើការហោះហើរផ្ទាល់ឆ្ពោះមកកាន់ខេត្តសៀមរាប នៅពេលខាងមុខ ដើមី្បជាការបង្កើននូវវិស័យទេសចរណ៍ សំដៅឲ្យខេត្ត/ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនបន្ថែមទៀត។

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាបបានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុងចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០៩ខេត្ត/ក្រុង កិច្ចព្រមព្រៀងចំនួន ៦ខេត្ត/ក្រុង និងលិខិតផ្តួចផ្តើមចំនួន ១៥ខេត្ត/ក្រុងផងដែរ៕

អត្ថបទ៖ អក្ខរា