កម្ពុជា-អង់គ្លេស បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។
សូមបញ្ជាក់ថារដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference ហៅកាត់ថា (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានទាំងប្រទេសកម្ពុជាផងដែរ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តន៍តាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាន ៤៩៦.៣ លានដុល្លារ ធ្លាក់ចុះ ១៤.៦ ភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា