រដ្ឋ សម្រេចមិនយកអាករនាំចេញថ្មធម្មជាតិកែច្នៃរួច និងពន្លឿនលិខិតអនុញ្ញាតមិនឲ្យលើសពី ៣ថ្ងៃ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចមិនយកអាករនាំចេញក្នុងនាំថ្មធម្មជាតិកែច្នៃរួច ហើយសម្រាប់ថ្មធម្មជាតិមិនទាន់កែច្នៃមួយចំនួនទៀត ត្រូវបានបញ្ចុះអត្រាអាករនៅត្រឹម ៥ ទៅ១០ភាគរយប៉ុណ្ណោះ ដើម្បីជួយឱ្យអាជីវកម្មថ្មមានភាពប្រសើរឡើង។

ដើមឡើយ ដុំថ្មធម្មជាតិមិនទាន់កែច្នៃជាប់អាករ ៣០ភាគរយ ត្រូវបានបញ្ចុះនៅត្រឹម១០ភាគរយ។ ចំណែកផ្ទាំងថ្មធម្មជាតិមិនទាន់កែច្នៃ ត្រូវបានបញ្ចុះអត្រាអាករ ពី៣០ភាគរយ មកនៅត្រឹម ៥ភាគរយ។​សម្រាប់ដោយឡែក ថ្មធម្មជាតិកែច្នៃរួច ពីមុនជាប់អត្រាអាករ ២០ភាគរយ ឥលូវមកនៅ ០ភាគរយ។

បើតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការពង្រឹងប្រសិទ្ធ​ភាពគ្រប់គ្រងការនាំចេញមុខទំនិញថ្មធម្មជាតិ បានបញ្ជាក់ថា ការចេញលិខិតអនុញ្ញាតមិនឱ្យលើសពី ៣ថ្ងៃ នៃថ្ងៃ ធ្វើការ ប្រសិនបើសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតនាំចេញមានភាពត្រឹមត្រូវ និងគ្រប់គ្រាន់។ សម្រាប់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ធ្វើវិមជ្ឈការការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយលើមុខទំនិញ “ថ្មធម្មជាតិ” នាំចេញ ឱ្យស្ថិតក្រោមក្របខ័ណ្ឌវិមជ្ឈការការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ។

ចំពោះការត្រួតពិនិត្យនៅមាត់ច្រកព្រំដែន មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនៅអង្គភាពគយ និងរដ្ឋាករបំពេញ បែបបទនាំចេញ ត្រូវធ្វើការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវ័ន្តដោយផ្អែកលើគោលការណ៍ហានិភ័យ តាមបទប្បញ្ញត្តិជាធរមាន៕

អត្ថបទ៖ អក្ខរា