អ្នកជំនាញបារម្ភពីបំណុលឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារនៅកម្ពុជា

បំណុលដែលវិស័យឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជាង ៥៧,៨ពាន់លានដុល្លារអាមេរិកស្មើនឹង ១៨៩% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។ កំរិតបំណុលនេះ ខ្ពស់ជាងកំរិតបំណុលរបស់ពិភពលោកទាំងមូលដែលមានតែ ១៤៦% នៃទំហំសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឲ្យដឹងពីលោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ​នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា សម្រាប់បំណុលសាធារណៈរបស់ដែលមានតែរង្វង់ ៣០% នៃ GDP ប៉ុណ្ណោះ ពោលគឺអាចនៅខ្ចីបានច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ គឺបំណុលឯកជន ដែលមកដល់ពេលនេះមានជិត ២ដងនៃ GDP ទៅហើយ (១៨៩%)។

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ៕

អត្ថបទ៖ អក្ខរា