ក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងជូនប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែនិងថាមពល ជាមួយក្រុមហ៊ុនរ៉ែមាសរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត ដែលកំពុងប្រតិបត្តិការស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីភាពរីករាយបន្ថែមជាមួយការកាត់បន្ថយបែបបទឲ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។
កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ នឹងផ្តល់ផលប្រយោជន៍ចំណូលដុលមធ្យម ១៨៥លានដុល្លារ ក្នុង១ឆ្នាំ។ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យម ៤០លានដុល្លារក្នុង១ឆ្នាំ ពីក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសបានល្អជាងគេ គឺក្រុមហ៊ុនរបស់អូស្ត្រាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី៕
អត្ថបទ៖ អក្ខរា