ក្រុមបេសកកម្មរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងកំណើនក្នុងវិស័យសេវាកម្ម។ ក្រុមបេសកកម្មក៏បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីដោះស្រាយហានិភ័យ ភាពងាយរងគ្រោះ និងបញ្ហាប្រឈមដែលកម្ពុជាបាននិងកំពុងជួបប្រទះ ផងដែរ។
ការបង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងជំនួបរវាងឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាជាមួយលោកបណ្ឌិត Kouqing Li ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។
ឯកឧត្តមទេសាភិបាលរង បានថ្លែងអំណរគុណដល់ AMRO ដែលបានគាំទ្រធនាគារជាតិនៃកម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអាស៊ាន+៣ កាលពីឆ្នាំកន្លងទៅ ព្រមទាំងផ្តល់ឱកាសឱ្យមន្ត្រីធនាគារជាតិនៃកម្ពុជាបានទៅហ្វឹកហាត់ការងារដោយផ្ទាល់នៅ AMRO ជារៀងរាល់ឆ្នាំ។
កាលពីពេលកន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ភាគរយនៅឆ្នាំនេះដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម។ ចំណែក ប្រធានក្រុមបេសកកម្មថ្មី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Davide Furcer បានលើកឡើងកាលពីខែឧសភាកន្លងទៅថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរ ហើយសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរ៕
អត្ថបទ៖ អក្ខរា