លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក ហ្ចាក់គី សែចិន (Jacky Sae Chen) កុងស៊ុលពាណិជ្ជកម្ម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
លោកកុងស៊ុលពាណិជ្ជកម្មចិន បានរាយការណ៍អំពីគម្រោងបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិននៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាច្រកទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសក្នុងតំបន់អាស៊ាន និងច្រកនាំចេញ-នាំចូល។
ខេត្តក្វាងស៊ី គឺជាតំបន់ឆ្នេរតែមួយគត់ នៅភាគខាងលិចប្រទេសចិន ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ និងជាច្រកព្រំដែនសម្រាប់ប្រទេសចិន ក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ព្រមទាំងជាច្រកចូលសមុទ្រដ៏ងាយស្រួលបំផុត នៅភាគនិរតីប្រទេសចិន។
សម្រាប់កម្ពុជា និងចិន (ខេត្តក្វាងស៊ី) បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលមេដឹកនាំកំពូលនៃប្រទេសទាំងពីរសម្រេចបាន ជាពិសេសក្នុងការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា៕
អត្ថបទ៖ អក្ខរា