លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រ លើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។ ជំនួបនេះ បានទទួលលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរ បានអនុញ្ញាតឲ្យបង្កើតជាក្រុមការងារបច្ចេកទេស ដើម្បីសិក្សារៀបចំជាគម្រោង សម្រាប់ឲ្យមានការគាំទ្រពីជប៉ុន ដោយសិក្សាមើលថា តើភាគីជប៉ុនអាចមានផ្នែកណាមួយ ដែលអាចជួយគាំទ្រ។
លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍ថា នេះជាគម្រោងថ្មីមួយរបស់ក្រសួងកិច្ចការនារី ហើយជាតម្រូវការចាំបាច់របស់សង្គម ខណៈបច្ចុប្បន្ន ស្ត្រីដែលជាម្ចាស់អាជីវកម្មកម្រិតតូច និងមីក្រូ មានចំនួន៦១ភាគរយ ដោយភាគច្រើនជាអ្នកលក់ដូរនៅតាមផ្សារ និងតាមផ្លូវផ្សេងៗ ដែលនេះជាចំណុចមួយ ដែលត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល។
តាមគម្រោងមជ្ឈមណ្ឌលនេះ មានមុខងារ ៤សំខាន់ ទី១.ជួយស្ត្រីដែលមានបំណងចង់បង្កើតអាជីវកម្មដំបូង ឲ្យមានកន្លែងសម្រាប់ពួកគាត់បើកអាជីវកម្ម, ទី២.អ្នកដែលរកស៊ីនៅតាមផ្លូវ ឬតាមផ្សារ មជ្ឈមណ្ឌលជួយបង្រៀនពួកគាត់ អំពីវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍគំនិតឆ្នៃប្រឌិត ដើម្បីឲ្យមានចំណូលច្រើនជាងមុន, ទី៣.ជួយបង្កើនសេដ្ឋកិច្ចដល់ពួកគាត់ និងទី៤. ជាទីកន្លែងមួយ សម្រាប់ការតាំងពិព័រណ៌ផលិតផល ឬសេវាកម្ម សម្រាប់ស្ត្រី។
គម្រោងនៃការបង្កើតមជ្ឈមណ្ឌលនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៤ខាងមុខ ហើយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី រំពឹងថា ក្រោយមជ្ឈមណ្ឌលនេះដំណើរការ នឹងមានស្ត្រីជាសហគ្រិន ចម្លោះពី១០០ទៅ២០០នាក់ ក្នុងរយៈពេល១ឆ្នាំៗ បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ។ ក្នុងជំនួបនេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីគុណតម្លៃ និងសមិទ្ធផលនានា ដែលបានសហការគ្នាប្រមាណ១៦ឆ្នាំកន្លងមក ដែលអង្គការ JICA និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាស្ត្រី៕