សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាពិសេសនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០ នាទី, នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ សុន្ទរកថាពិសេសនេះ មានចំណុចសំខាន់ៗដូចជា៖
ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ក្នុងស្មារតីនេះ, កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះ ឈ្នះ ប៉ុណ្ណោះ ។
ទី២. សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន, និងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមក, ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សាភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។
ទី៣. សម្តេចមហាបវរធិបតី បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន។
សម្តេចមហាបវរធិបតី បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់, និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន៕