ធនាគារជាតិ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការទម្រង់ស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីការពារអតិថិជន

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងបើកកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

ក្នុងកម្មវិធីនេះ ក៏មានអ្នកចូលរួមប្រមាណ ៣០០នាក់ មកពីធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ការដាក់ចេញនូវសេចក្តីណែនាំនេះ ជាសមិទ្ធផលមួយថ្មីបន្ថែមទៀតរបស់វិស័យធនាគារ ក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ជាការចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការគ្នាក្នុងការរៀបចំសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ មុនចេញស្តង់ដាឥណទាននេះបានឆ្លងកាត់កិច្ចប្រជុំចំនួន ១០លើក​កាលពីឆ្នាំ២០២១ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា។

ការដាក់ឱ្យប្រើប្រាស់កិច្ចសន្យាឥណទាន និងខចែងស្ដង់ដានៃកិច្ចសន្យាឥណទានធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា ទទួលបានបណ្ដឹងពីអ្នកប្រើប្រាស់ពាក់ព័ន្ធទៅនឹងសេវាកម្ចីឥណទានជាពិសេសទាក់ទងទៅនឹងលក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា។

កិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងចាប់ផ្តើមអនុវត្ត​ចាប់ពីថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២៣​តទៅ។ ដោយឡែក កិច្ចសន្យាឥណទាន ឬលក្ខខណ្ឌ​ដែលមានស្រាប់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាមួយអតិថិជនត្រូវរក្សាទុកដដែល៕

អត្ថបទ៖ អក្ខរា