លោក ថុល ណារ៉ា អគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីមបាវ៉េ (Republic of Zimbabwe) ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នាពេលខាងមុខ។
លោកអគ្គនាយកស្តីទី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីមុខទំនិញសក្តានុពលមួយចំនួនដែលកម្ពុជានាំចេញដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្ម(អង្ករ ដំឡូងមី ស្វាយចន្ទី ជីកសិកម្ម)និងផលិតផលដទៃទៀត ដែលក្រុមហ៊ុននាំចូលរបស់ស៊ីមបាវ៉េអាចពិចារណាក្នុងការនាំចូលទៅទីផ្សាររបស់ខ្លួនផងដែរ។
លោកក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ប្រទេសទាំងពីរសហការ និងស្វែងយល់ពីសក្តានុពលនៃមុខទំនិញពាណិជ្ជកម្មរៀងៗខ្លួន តាមរយៈការបង្កើតនិងចូលរួមសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចរួមគ្នាគ្រប់ប្រភេទ ដើម្បីអាចប
ង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទំនិញទ្វេភាគី បន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវ ក៏ប្តេជ្ញាចិត្តក្នុងបេសកកម្មការទូតរបស់លោកជំទាវ ចំពោះការលើកទឹកចិត្តដល់ពាណិជ្ជករ ធុរជន និងវិនិយោគិនស៊ីមបាវ៉េ ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មឱ្យបានទូលំទូលាយបន្ថែមទៀត សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងស៊ីមបាវ៉េ នៅមានកម្រិតតិចតួចនៅឡើយ ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ២,០៥ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណជិត ១៣៨,៣៧% ធៀបទៅនឹងឆ្នាំ២០២១៕