គិតត្រឹមរយៈពេល៧ខែដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់កម្ពុជាទទួលបានចំណូលពីការនំាចេញកសិផលជាង២.៦២៩លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នំា២០២៣របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថាការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៤,៥តោន ក្នុងនោះអង្ករមានចំនួនជាង៣៦ម៉ឺនតោន, ស្រូវមានជាង១,៥លានតោន និងកសិផលក្រៅពីស្រូវ អង្ករមានជាង២,៦លានតោន ទៅកាន់ទិសដៅ៦៨ប្រទេរស មានការថយចុះជាង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។
របាយការណ៍ដដែលគូសបញ្ជាក់ថា«ក្នុងរយៈពេល៧ខែដើមឆ្នំា២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនំាចេញកសិផលមានចំនួនជាង២.៦២៩លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៥០៤លានដុលា្លរអាមេរិកនិងតម្លៃការនំាចេញកសិផលក្រៅពីស្រូវអង្ករមានជាង១.៨១១លានដុល្លារអាមេរិក»។
របាយការណ៍លើកឡើងថា ការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នំា២០២៣ មានការថយចុះជាង១៩% ដោយសារ៖ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម,កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្តាលឱ្យមានកំណើននៃការស្រូបយកកសិផលស្រស់មកកែ ច្នៃ, ផលិតកម្មដំណំាមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីភ្សារនិងបញ្ហាបម្រែបម្រួលអាកាសធាតុនំាឱ្យប៉ះពាល់ដល់ទិន្ន័យនិងគុណភាពនៃដំណំា, ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ តាមច្រករបៀងទៅ កាន់ប្រទេសវៀតណាមនិងប្រទេសថៃ មួយចំនួនមិនមានការកត់ត្រា។
តាមរបាយការណ៍ជាដំណោះស្រាយចំពោះមុខ គឺជំរុញវិស័យឯកជនស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់, ជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញការនាំចេញផលិតផលកែច្នៃ,ជំរុញការផ្សព្វផ្សាយអំពីផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកានិងពិព័រណ៍នានា ដើម្បីទាក់ទាញ់ការវិនិយោគ និងពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា,ជំរុញវិស័យឯកជនក្នុងការចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្ម នៅក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។
របាយការណ៍ធ្វើការសន្និដ្ឋានថា កំណើននៃការកែច្នៃកសិផល បានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែកបង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់តម្លៃដំណាំ,ថ្វីត្បិតតែការនំាចេញកសិផលទីទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អ្នកផលិតឬមានបញ្ហាចាស់លក់មិនអស់នោះឡើយ៕
អត្ថបទ៖សារេត