ពិធីលៀងសាយភោជន៍ ជាមួយអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានធ្វើឡើងកាលពីរាត្រីយប់ថ្ងៃទី២៤ ខែកក្កដា ។ ក្នុងពិធីនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណចំពោះ អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា ។
នៅចំពោះមុខអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា ក្នុងនាមប្រធាន គ.ជ.ប និងប្រជារាស្ត្រខ្មែរទូទាំងប្រទេស ដែលប្រកាន់យកលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស គឺមានបំណងប្រាថ្នាចង់បានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន ដើម្បីសម្រេចបំណងប្រាថ្នាដ៏ចម្បងនេះ។
ឯកឧត្តម បានបន្តថា ដើម្បីសម្រចសម្រេចបំណងប្រាថ្នានេះ ត្រូវគោរពឲ្យបានស្មារតីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ ក្នុងនោះមាត្រា ១៥០ ថ្មី (ពីរ) គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ ឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតរព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ គោរពច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងច្បាប់នានា។ គោរពគោលការណ៍អន្តរជាតិសំខាន់ៗដែលគ្រប់គ.ជ.ប ទូទាំងសកលលោក ប្រកាន់យក ដើម្បីធានាជោគជ័យនៃការបោះឆ្នោត។
គួរបញ្ជាក់ថា នៅក្នុងដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប ។ ក្នុងនោះ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុបជិត៩ម៉ឺននាក់ មកពី១៣៤សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុបជាង៦០០នាក់ មកពី ៦១ស្ថាប័ន ។
អត្ថបទ៖ ពុទ្ធិកា