សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមអ្នកអង្កេតការណ៍អន្តរជាតិបោះឆ្នោតថ្ងៃ២៣កក្កដា ចំនួន ៣៣៣នាក់មកពី ៦៥ប្រទេស

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣ នាក់ ដែលបានអញ្ជើញមកពី៦៥ ប្រទេស និងស្ថាប័ន ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញធ្វីតធឺនាព្រឹកថ្ងៃទី២០ ខែកក្កដានេះថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង ៣៣៣ នាក់ មកពី៦៥ ប្រទេសនិងស្ថាបន័អន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្ដមប្រធានសភា ប្រទេសម៉ាឡេស៊ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បី សង្កេតការណ៍ដោយផ្ទាល់។

សម្ដេចតេជោ បញ្ជាក់ថា៖‍ «ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលា ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍»៕