៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា

លោក សួន សេរីរដ្ឋា​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥បានបង្ហាញ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា៖

១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,
២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្លេះ
៣- ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគំរោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឲ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឲ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ,
៤- កម្ពុជា មិនបានបណ្តោយឲ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឲ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត,
៥- ភ្លាមៗ សម រង្ស៊ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៊ី នៅក្រៅប្រទេស ខំផលិតមាតិការ ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រដិតឲ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ,
៦- មកដល់ពេលនេះ បុគ្គល ២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតៈជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៊ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតៈតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៊ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ… និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ… និង,
១- ដោយឡែកនៅថ្ងៃនេះ នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិងនយោបាយកម្រឹតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា ៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ… ។

សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ ចំណុចខាងលើ និងបូក ១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជួបពាក់ព័ន្ធជាមួយ មេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៊ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើរដែលពួកគេប្រព្រឹត្តិនោះមកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន ។

លោក សួន សេរីរដ្ឋា បានបន្ថែមទៀតថា យុត្តិធម៌និងភាពស្អាតស្អំរបស់ មេដឹកនាំកម្ពុជាដែលប្រកាន់ជំហរសន្តិភាព​និយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់ ! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម ៕