សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោកពៅ សុខ អតីតទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានច្រានចោល និងសុំកែតម្រូវ នូវចំណុចខ្វះខាតមួយចំនួន ចំពោះការលើកឡើងរបស់លោក បណ្ឌិត មាស នី ដែលកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកម្មវិធី កិច្ចពិភាក្សាតុមូល នៃរាជបណ្ឌិតសភា កម្ពុជា លោក បណ្ឌិត មាស នី បានលើកឡើងថា (បញ្ហាខ្មែេ បើកុំតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺនឹងគ្មានការដកកងទ័ពវៀតណាម ឬថា បើគ្មានការដកកងទ័ពវៀតណាម គឺគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងគ្មានសន្តិភាព ឬថា មិនដឹងថា ខ្មែរត្រូវច្បាំងគ្នាដល់ពេលណា? ឬរហូតដល់ពេលនេះមិនទាន់ចប់ផង) នោះថា ការលើកឡើងនេះ ពុំត្រឹមត្រូវទេ នៅមានចំណុចខ្វះខាតមួយចំនួន ដែលក្នុងនាមជាបញ្ហាវន្ត គប្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ព្រោះថា ការលើកឡើងរបស់បញ្ញវន្តមួយរូបៗ គឺមានឥទ្ធិពលដល់បណ្តាមហាជន ទាំងក្នុង និងក្រៅប្រទេស រួមទាំងបរទេសផងដែរ។
អ្នកនិពន្ធរូបនេះ បន្តទៀតថា ជាការពិត សាវតារ នៃការដកកងទ័ពវៀតណាម ក៏ដូចជាការចរចាសន្តិភាព ឬកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងជាញឹកញាប់ ហើយលោកក៏បានបញ្ចូលទិន្នន័យមួយចំនួនទៅក្នុងសៀវភៅ អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ីភាគ១ ហើយដែរ ដើម្បីចៀសវាងការភ័ន្តច្រឡំ ឬបកស្រាយមានការខ្វះខាត ខុសពីការពិត។
អ្នកនិពន្ធពៅ សុខ បញ្ជាក់ការ ការដកកងទ័ពវៀតណាមចុងក្រោយបង្អស់ គឺធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ ចំណែកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺ២ឆ្នាំក្រោយមក ហើយការដកកងទ័ពវៀតណាមនេះ ក៏មិនមែនសុទ្ធតែមានសម្ពាធពីអន្តរជាតិទាំងស្រុងដែរ តែកើតឡើងដោយការស្រុះស្រួលគ្នារវាងភាគីខ្មែរដែលពាក់ព័ន្ធ ឈរលើទិដ្ឋាភាពចម្បង២ គឺទិដ្ឋភាពអន្តរជាតិ និងទិដ្ឋភាពផ្ទៃក្នុង។ ទិដ្ឋភាពអន្តរជាតិ មានន័យថា នៅពេលកងទ័ពវៀតណាមដកចេញពីកម្ពុជា ភាគីខ្មែរដទៃទៀត ក៏ត្រូវឈប់ទទួលជំនួយយោធាពីបរទេស ឬបណ្តាប្រទេស ដែលធ្លាប់ផ្តល់ជំនួយយោធា ដល់ត្រីភាគី ត្រូវបញ្ឈប់ការផ្តល់ជំនួយនេះដែរ រួមទាំងប្រទេសថៃ ដែលធ្លាប់ផ្តល់ទឹកដីឱ្យត្រីភាគីឈរជើង ក៏ត្រូវដកខ្លួនចេញ។ ទិដ្ឋភាពទី២ ទីដ្ឋភាពផ្ទៃក្នុង មានន័យថា ក្រោយពេលកងទ័ពវៀតណាមដក ឬក្រោយមានកិច្ចព្រមព្រៀងណាមួយ ភាគីខ្មែរទាំងអស់ត្រូវឈប់បាញ់គ្នា។ ភាគីណានៅកន្លែងណា គឺនៅកន្លែងនោះ ហើយរង់ចាំការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។ ប៉ុន្តែ ខ្មែរក្រហម មិនដែលបានគោរពតាមកិច្ចព្រមព្រៀងម្តងណាឡើយ សូម្បីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្មែរក្រហម តែងតែរំខានទាំងលើមរភូមិចរចា និងសមរភូមិយោធា។
ចំពោះការដកកងទ័ពវៀតណាមនេះទៀតសោត សម្តេច ហ៊ុន សែន បានបញ្ជាក់ជាញឹកញាប់ នៅពេលជួបចរចាទ្វេភាគីជាមួយព្រះករុណា នរោត្តម សីហនុ និងជាមួយត្រីភាគី គឺទោះបីគ្មានកិច្ចព្រមព្រៀងណាមួយ កើតឡើង ក៏សម្តេច សម្រេចដកកងទ័ពវៀតណាមជាឯកតោភាគីដែរ មិនមែនទាល់តែមានសម្ពាធពីបរទេស ឬមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ ប៉ុន្តែ ជាមួយគ្នានេះ បណ្តាប្រទេស ដែលផ្តល់ជំនួយដល់ត្រីភាគី ឬខ្មែរក្រហម ក៏ត្រូវបញ្ឈប់ការផ្តល់ជំនួយរបស់ខ្លួនដែរ។
ចំពោះការបញ្ចប់សង្រ្គាមនៅកម្ពុជាវិញ អ្នកនិពន្ធរូបនេះ លើកឡើងថា លោកបណ្ឌិត មាស នី គួរតែដឹងហើយ មិនចាំបាច់អ្នកដទៃលើកមកបង្ហាញទេ ព្រោះទោះបីកងទ័ពវៀតណាមដកចេញទៅ ទោះបីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬទោះបីមានការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ ក៏សង្រ្គាមនៅកម្ពុជា មិនបានបញ្ចប់ដែរ។ គ្រាន់តែកាត់បន្ថយពី៤ភាគី មកប្រយុទ្ធគ្នា២ភាគី។ ខ្មែរក្រហមនៅតែអុឡុក បើកការវាយប្រយុទ្ធនៅភាគខាងលិចប្រទេស បង្កការរំខានដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។ សង្រ្គាមបង្ហូរឈាមនៅកម្ពុជា ទើបតែត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅ៧ឆ្នាំក្រោយ នៃកិច្ចព្រមព្រៀងប៉ារីស និងនៅ៥ឆ្នាំក្រោយ នៃការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ប៉ុណ្ណោះ។
អ្នកនិពន្ធរូបនេះបញ្ជាក់ថា ការលើកឡើងរបស់លោក មិនមែនជាការវែកញែកចង់ចាញ់ចង់ឈ្នះអ្វីនោះទេ គ្រាន់តែជាការកែតម្រូវ នូវចំណុចខ្វះខាតមួយចំនួនដែលកើតមានឡើងប៉ុណ្ណោះ ព្រោះចៀសវាងមនុស្សជំនាន់ក្រោយមានការភ័ន្តច្រឡំ ឬស្រពេចស្រពិលថា តើសង្រ្គាមនៅកម្ពុជាបញ្ចប់នៅពេលណា? ឬអ្នកណាជាអ្នកបញ្ចប់សង្រ្គាមនៅកម្ពុជាពិតប្រាកដ?