រថយ​ន្តក្រុង​ជិត៥០០គ្រឿង ត្រៀម​ដឹកពលរដ្ឋ​ទៅស្រុក​កំណើត ឥតគិតថ្លៃ​ ក្នុងឱកាស​​បុណ្យភ្ជុំ​បិណ្ឌ រយៈពេល៥ថ្ងៃ

រាជរដ្ឋាភិបាល នឹងត្រៀមបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបញ្ចុះបឋមសិលា​ បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា​ ក្រៅពីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតតាមបណ្តាខេត្ត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់​ដឹកប្រជាពលរដ្ឋ ទៅដើរលេងខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ រួមមានខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី ។

គួរបញ្ជាក់ថា រៀងរាល់ពិធីបុណ្យធំៗនៅក្នុងប្រទេសកម្ពុជា ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាល តែងតែបញ្ចេញរថយន្ត សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ។ ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ៕

អត្ថបទ៖ ពុទ្ធិកា