គោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល។ នេះតាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។
ក្នុងព្រះរាជក្រឹត្យនេះ មាត្រា២៤ នៃអនុក្រឹត្យនេះ បានកំណត់ពីប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖
* លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)
* អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)
* ឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)
គោរមវន្តទាំងអស់ ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា (មាត្រា២៦) ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយ ចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី (មាត្រា២៤)៕