ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គឺជារយៈពេល៣៧ឆ្នាំ ដែល សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពោលគឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ កាលណោះមានវ័យ ៣២ឆ្នាំ។ ក្នុងឆ្នាំ២០២២ទៀតសោត គឺជាឆ្នាំដែលកម្ពុជាមានរាសីខ្ពស់ត្រដែតលើឆាកអន្តរជាតិ ក្រោមដឹកនាំដោយផ្ទាល់ពីប្រមុខរាជរដ្ខាភិបាល សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។
សម្តេចតេជោបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីមានវ័យក្មេងជាងគេ ហើយបន្តកាន់តំណែងរហូតក្លាយជានាយករដ្ឋមន្ត្រី មានអាយុច្រើនជាងគេ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ។
តើកម្ពុជានៅឆ្នាំ២០២២ ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានរាសីខ្ពស់កម្រិតណាលើឆាកអន្តរជាតិ?
កម្ពុជា ជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ នៅឆ្នាំ២០២២ កម្ពុជាបានធ្វើប្រធានប្តូរវេនលើកទី២របស់ខ្លួន ក្រោយធ្លាប់ដឹកនាំអាស៊ានកាលពីឆ្នាំ២០១២។ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាទទួលអម្រែកដ៏ធ្ងន់ធ្ងរ ប៉ុន្តែវាក៏ជាឱកាសមាសរបស់កម្ពុជាផងដែរ ឱកាសមាសសម្រាប់កម្ពុជានាពេលនោះបន្ទាប់ពីទទួលបានញញួរដឹកនាំអាស៊ានពីស្តេចស៊ុលតង់ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មេដឹកនាំពិភពលោកជាច្រើនបានបន្តកន្ទុយគ្នាទំនាក់ទំនងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង តាមរយៈទូរស័ព្ទ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអាគី បំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា និងប្រធានាធិបតី ចូ បៃឌិន បានសរសេរលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំនៅសហរដ្ឋអាមេរិក។
នារសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរសព្ទ ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងជំនួបនេះពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគីតំបន់ និងបញ្ហារបស់ពិភពលោកផងដែរ ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។
ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ លោក ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។ ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២ ។
លោក ស៉ី ជីនពីង បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំអាស៊ាន ទៅបំពេញទស្សនកិច្ចនៅប្រទេសភូមារយៈពេល២ថ្ងៃពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចទៅមីយ៉ាន់មា សម្តេចតេជោជួបពិភាក្សាការងារជាមួយមេដឹកនាំយោធាភូមាលោក មីង អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋភូមា។ ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យពិភពលោកមើលកម្ពុជាក្នុងរូបភាពផ្សេងៗគ្នា ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យអាស៊ាន ត្រលប់មកជាអាស៊ាន១០ប្រទេសឡើងវិញ បើទោះបីគម្រោងទស្សកិច្ចរបរបស់សម្តេចតេជោ ទទួលរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិក៏ដោយ។
ពីក្រុងណៃពីដោ កម្ពុជា និងមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសរួមស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាភ្ញៀវដំបូងបំផុតរបស់ខ្លួន មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្ថិរភាពនយោបាយនៅក្នុងប្រទេស។ ភាគីទាំងពីរក៏បានពិភាក្សា ក៏បានលើកឡើងពីបញ្ហាទ្វេរភាគី និងកង្វល់រួមផ្សេងទៀតនៅក្នុងតំបន់ផងដែរ។
ក្នុងជំនួបនោះ លោក មីន អ៊ុងឡាំង បានលើកឡើងពីការប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
ជាមួយគ្នានេះ លោក មីន អ៊ុងឡាំង បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់លោក ប្រាក់ សុខុន ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
ក្នុងជំនួបទ្វេរភាគីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ដើម្បីចូលរួមជួយដោះស្រាយបញ្ហាសង្គ្រាមស៊ីវិលនៅក្នុងប្រទេសភូមា សម្តេចតេជោ ហ៊ុន សែន ចំណាយពេល ៥ខែ២ថ្ងៃ ហើយជួបមេដឹកនាំយោធាភូមា លោក ម៉ីង អ៊ុងឡាំង ដល់ទៅ៣ដងឯណោះ។
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តបតាមការអញ្ជើញពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់នៅក្នុងកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន ដែលនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយលោក ចូ បៃឌិន។
គួរកត់សម្គាល់ដែរថា ឆ្នាំ២០២២នោះ អាចចាត់ទុកថាជាឆ្នាំដែលមានរាសីខ្ពស់សម្រាប់សម្តេចតេជោនាយក ហ៊ុន សែន រាប់ចាប់តាំងពីថ្ងៃកាន់ដំណែងនាយករដ្ឋមន្រ្តីកម្ពុជាក្នុងឆ្នាំ១៩៨៥ ដែលត្រូវបានអញ្ជើញដោយផ្ទាល់ពីប្រធានាធិបតីអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរវាងអាមេរិកនិងអាស៊ាននៅសេតវិមានក្នុងនាមជាសហប្រធានជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកតែម្តង នៅរដ្ឋធានីវ៉ាស៊ីនតោន។
មុនចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិកនិងអាស៊ាន សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា, មានជំនួបជាមួយធុរកិច្ចអាមេរិក និងក្រុមហ៊ុនប្រឹក្សាយោបល់និងបញ្ចុះបញ្ចូលផ្នែកច្បាប់ Lobby Firm-Akin Gump ។ បន្ទាប់មកទៀត សម្តេចតេជោ មានជំនួបផ្លូវការរវាងមេដឹកនាំអាស៊ានជាមួយប្រធានសភា លោកស្រី ណាស៊ី ប៉េឡូស៊ី និងសមាជិកសភាសហរដ្ឋអាមេរិក, ជាមួយអនុប្រធានាធិបតី លោកស្រី កាំម៉ាឡា ដេវី ហារីស និងជាមួយប្រធានាធិបតី ចូ បៃឌិន។ ការណ៍នេះ បើសរុបកិច្ចប្រជុំរបស់សម្តេចតេជោ ហ៊ុន សែន នៅលើដីមហាអំណាចពិភពលោកមួយនេះមានរយៈពេល ៤ថ្ងៃ ហើយសម្តេចតេជោបានជួបធ្វើការងារនិងប្រជុំមានប្រមាណ ១៣លើក។ សូមរង់ចាំទស្សនាភាគទី២