១៧ មេសា ឆ្នាំនេះផ្ទុយស្រលះពី៤៩ឆ្នាំមុន

ថ្ងៃនេះ ទី១៧ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរកំពុងធ្វើដំណើរចូលមករាជធានីភ្នំពេញវិញតាមគ្រប់មធ្យោបាយ លើដងផ្លូវជាតិដ៏ស្អាត និងធំទូលាយ បន្ទាប់ពីបានធ្វើដំណើរទៅភូមិស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី ប្រគេនចង្ហាន់ព្រះសង្ឃនៅតាមទីវត្តអារាម និងដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងទូទាំងប្រទេសយ៉ាងសប្បាយ រីករាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨។ ពិតណាស់ ប្រជាពលរដ្ឋខ្មែរគ្រប់វ័យទាំងអស់បានពាំនាំនូវអនុស្សាវរីយ៍ល្អៗ និងមិនអាចបំភ្លេចបានបន្ទាប់ពីបានចូលរួមលេងល្បែងប្រជាប្រិយដូចជាបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អមជាដើម និងរាំកំសាន្តសប្បាយតាមបទភ្លេងជាចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ និងបទភ្លេងញ៉ាក់កន្ត្រាក់អារម្មណ៍ជាដើម។ អ្វីដែលពិសេសនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍អោយរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេសរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត និងលេងល្បែងប្រជាប្រិយកំសាន្តអោយអធឹមអធមនៅតាមបណ្តាទីប្រជុំជនក្នុងក្រុង ស្រុក ឃុំ ភូមិទាំងអស់ក្នុងទូទាំងប្រទេសដើម្បីផ្តល់ភាពកំសាន្តសប្បាយរីករាយជូនប្រជាពលរដ្ឋ។ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលរាជធានី-ខេត្តទាំងអស់បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមមូលដ្ឋានរបស់ខ្លួនយ៉ាងមហោឡារឹក និងយ៉ាងសប្បាយរីករាយក្រៃលែងដូចជាការលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាម និងនៅតាមទីសាធារណៈផ្សេងៗ។ ក្រៅពីនេះ រដ្ឋបាលរាជធានី-ខេត្ត ក៏បានតុបតែងលំអភ្លើងបំភ្លឺគ្រប់ពណ៌យ៉ាងមានសោភណ្ឌភាពនៅតាមតំបន់ប្រជុំជន ការប្រគុំតន្ត្រី និងជាពិសេសការរៀបចំអោយមានតំបន់ «ត្រជាក់ចិត្ត» សម្រាប់បងប្អូនប្រជាពលរដ្ឋជួបជុំគ្នា រាំលេងកំសាន្ត លាបម្សៅ លេងទឹកជាដើមដោយមានការចូលរួមពីប្រជាពលរដ្ឋរបស់យើងគ្រប់វ័យរាប់ម៉ឹននាក់។

ប្រាកដណាស់ ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសជួបជុំញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី និងដើរកំសាន្តនៅតាមតំបន់ទេសចរណ៍ក្នុងទូទាំងប្រទេសយ៉ាងសប្បាយរីករាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិក្នុងឆ្នាំនេះ និងក្នុងបណ្តាឆ្នាំកន្លងទៅពិតជាមិនអាចកាត់ផ្តាច់ចេញពីសុខសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃបណ្តាអណត្តិកន្លងមកដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន កំពុងបន្តដឹកនាំឆ្ពោះទៅកាន់ការអភិវឌ្ឍថ្មីបន្ថែមទៀតដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ដំណើរចូលមករាជធានីភ្នំពេញវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិគឺផ្ទុយស្រលះកាលពី៤៩ឆ្នាំមុន។ ថ្ងៃនេះ កាល៤៩ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅស្ថាននរក! ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរដែលមានតតិ​យ​វ័យ​ (រាប់​តាំង​ពី​អាយុ​៥០​ឆ្នាំ​រហូត​ដល់​៧៥​ឆ្នាំ​) ប្រាកដជាចងចាំយ៉ាងច្បាស់ពីព្រឹត្តិការណ៍ថ្ងៃ១៧ មេសា ១៩៧៥។ ថ្ងៃ១៧ មេសា ១៩៧៥នោះ គ្មានខ្មែរណាម្នាក់​ធ្លាប់​គិតថាជាថ្ងៃនៃការ​និរាស​ព្រាត់ប្រាស់​គ្រួសារ​នោះឡើយ។ប្រជាពលរដ្ឋត្រូវបានបង្ខំអោយចាកចេញពីផ្ទះសម្បែង និងភូមិស្ថានឆ្ពោះទៅកាន់វាលពិឃាត។ ព្រឹត្តិការណ៍នេះបានកើតឡើង​តែមួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះដោយសារតែខ្មែរក្រហម ជាក្រុមទាហានដែលប្រជាពលរដ្ឋខ្មែរបានផ្តល់​សង្ឃឹមថាជាអ្នក​នាំមក​នូវ​សន្តិភាពជូនជាតិ​ក្រោយពេលដែលទាហានអាវខ្មៅទាំងនោះបានឈ្នះសមរភូមិ​ចុងក្រោយ​ថ្ងៃ ១៧​ មេសា ១៩៧៥ លើកងទ័ព​សាធារណរដ្ឋ​ខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ និងទ្រង់ សិរីមតៈ។ ​សាធារណរដ្ឋ​ខ្មែរជារបបមួយដែលបានឡើងគ្រប់គ្រងអំណាច និងដឹកនាំប្រទេសពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ដោយមានសហរដ្ឋអាមេរិកជាខ្នងបង្អែក បន្ទាប់ពីបានធ្វើរដ្ឋប្រហារ​ទម្លាក់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសហភាពសូវៀតក្នុងព្រះឋានៈជាព្រះប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម។ 

យ៉ាងណាម៉ិញ ក្នុងពេលធ្វើដំណើរចាកចេញពី​ទីក្រុង​ ប្រជាពលរដ្ឋរូប​ណា​ដែល​ដើរ​យឺត​ត្រូវ​ទាហាន​ខ្មែរ​ក្រ​ហាម​បាញ់​សម្លាប់ចោល​តែម្តង​នៅតាម​ផ្លូវហើយ​ប្រជាពលរដ្ឋ​រាប់សែន​នាក់​ដែល​ចាកចេញ​ពីផ្ទះសម្បែងរបស់ពួកគេដោយបង្ខំ​តាម​បទបញ្ជា​នោះ​ដឹង​ច្បាស់​ថា​ពួកគេ​នឹង​គ្មាន​វាសនា​ត្រលប់មក​ជួបជុំ​ក្រុមគ្រួសារ​នៅផ្ទះ​វិញ​ឡើយ​។

កម្ពុជាធ្លាក់ក្រោម​កណ្តាប់ដៃរបប​ខ្មែរក្រហម… ​របប​ខ្មៅ​ងងឹត ឃោរឃៅ ប្រល័យ​ពូជ​សាសន៍…ទីក្រុងដែលធ្លាប់តែអ៊ូអរ និងសប្បាយរីករាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំបានប្រែក្លាយ មិនគួរអោយជឿ ជាទីក្រុងដែលស្ងាត់ជ្រងំដូចទីក្រុងខ្មោច… រយៈពេល​ត្រឹម​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ របប​ថ្មី​បានសម្លាប់​ប្រជាជន​ខ្មែរ​ស្លូតត្រង់​អស់​ជាង​១​លាន​នាក់​… ប្រជាពលរដ្ឋខ្មែរជាច្រើនបានបែកបាក់ និងបានឃ្លាតឆ្ងាយពីក្រុមគ្រួសារដោយមិនទទួលបានដំណឹងសោះរហូតមកដល់ពេលបច្ចុប្បន្ន។ ព្រឹត្តិការណ៍ដ៏ខ្លោចផ្សារជា​ប្រវត្តិសាស្ត្រ​នេះ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​គ្រប់រូប​។

៧ មករា ១៩៧៩ ជាតិ និងប្រជាជនខ្មែរបានរស់ឡើងវិញដោយសារមហាទិគុណដ៏ថ្លៃថ្លានៃរណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នជាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុ​ភូមិកម្ពុជាដែលបានរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងខ្មែរអ្នកស្នេហាជាតិមួយក្រុមក្នុងនោះមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត នៅថ្ងៃ២ ធ្នូ ១៩៧៨។ ឥស្សរជនស្នេហាជាតិទាំងនេះបានយកជីវិតធ្វើជាដើមទុន ស៊ូឃ្លាតចាកឆ្ងាយពីគ្រួសារ ប្រពន្ធ កូនជាទីស្រឡាញ់ដើម្បីការតស៊ូរំដោះជាតិ និងការរស់រានមានជីវិតរបស់ប្រជាជនខ្មែររាប់លាននាក់ដែលពេលនោះកំពុងដង្ហោយហៅរកការសង្គ្រោះជីវិតពីរបបដ៏ខ្មៅងងឹត ប៉ុល ពត។

ពីបាតដៃទទេក្នុងឆ្នាំ១៩៧៩ កម្ពុជាក្រោមការដឹកនាំរបស់រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងរដ្ឋាភិបាល និងរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានកសាង និងអភិវឌ្ឍន៍អោយមានការរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះដោយបានឆ្លងកាត់តំណាក់កាលជាច្រើន។ 

ទោះបីជាយ៉ាងណាក៏ដោយ សុខសន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងមានសព្វថ្ងៃ ប្រសិនជាយើងឈប់បន្តិចហើយក្រឡេកទៅមើលអតីតកាល យើងនឹងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុត និងមិនអាចកាត់ថ្លៃបានរបស់អគ្គមគ្គុទេសន៍ឯកនៃគោលនយោបាយឈ្នះ-ឈ្នះរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សន្តិភាពដែលប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលទទួលបានពេញលេញគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងបានកំណត់ជាទិវានយោបាយឈ្នះ-ឈ្នះ។

ព្រះរាជាណាចក្រកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និងការដឹកនាំរបស់រាជរដ្ឋាភិបាលនៃអណត្តិកន្លងមកដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងរយៈពេលជាង២៦ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងជាពិសេសការពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សនវិជ្ជាឈ្នះ-ឈ្នះ ជាមរតកដែលបានបន្សល់ទុកហើយបាននិងកំពុងអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនិងគន្លឹះអទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងការបន្តអនុវត្តនូវកម្មវិធីកំណែទម្រងសំខាន់ៗលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសំណូមពរ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ យុទ្ធសាស្ត្របញ្ចកោណកំពុងដើរតួនាទីស្នូលដ៏សំខាន់ក្នុងការជម្រុញអោយកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថាពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះជាលើកដំបូងក្នុងឆ្នាំ២០២១ និងដល់ឆ្នាំ២០២៧ ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)។

​ដូច្នេះ ដើម្បីអោយជាតិកម្ពុជារបស់យើងអាចឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងមានចំណូលខ្ពស់ក្នុងពេលអនាគត រក្សាបាននូវភាពសប្បាយរីករាយ និងជាពិសេសការអភិវឌ្ឍន៍ឆ្ពោះទៅកាន់ការរីកចំរើនថ្មីៗបន្ថែមទៀត សូមប្រជាពលរដ្ឋខ្មែរទាំងអស់បន្តរួមគ្នាថែរក្សាសុខសន្តិភាពអោយខាងតែបានព្រោះមានសុខសន្តិភាពជំរុញអោយមានអ្វីៗទាំងអស់។

សូមអរគុណបិតាស្ថាបនិកសន្តិភាព! 

សូមអរគុណអ្នកចូលរួមថែរក្សាសន្តិភាព!

អរគុណសន្តិភាព!