សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ក្រសួងមហាផ្ទៃ បានដើរតួរនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ ឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “អាគារទីស្តីការក្រសួងមហាផ្ទៃ ដ៏ធំស្គឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំង អំពីសារៈសំខាន់ នៃតួរនាទីនិងភារកិច្ច របស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ដើរតួរនាទីជាស្ពាន ផ្សារភ្ជាប់ គោលនយោបាយ ថ្នាក់ជាតិ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើន ធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់បញ្ហា តាមមូលដ្ឋាន”។
សម្តេចធិបតី បានបញ្ជាក់ថា ពិតណាស់ គោលនយោបាយ នឹងអាចនៅទ្រឹងនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀត និងមិនបានទទួលនូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួម ជាអ្នកសម្របសម្រួល ក្នុងន័យនេះ ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួរនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ របស់ក្រសួងមហាផ្ទៃ ទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិល ដែលបានខិតខំបំពេញភារកិច្ចនៅក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋនៅក្នុងគ្រប់កាលទេសៈ នៅពេលកន្លងមក ដែលជាកត្តាសំខាន់ នៅក្នុងការប្រែក្លាយគោលនយោបាយ របស់រដ្ឋាភិបាល ទៅជាលទ្ធផលជាក់ស្តែង នៅតាមមូលដ្ឋានជាក់ស្តែង ជូនប្រជាពលរដ្ឋ ហើយការចូលរួមរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិល របស់ក្រសួងមហាផ្ទៃ និងត្រូវបន្តជាកត្តាសំខាន់ នៅក្នុងការអនុវត្តនូវគោលនយោបាយផ្សេងៗ ឱ្យមានប្រសិទ្ធិភាព ទូលំទូលាយ៕