តារាសម្តែងរូបសង្ហារ អ៊ុន សិទ្ធា នៅតែមិនដាច់ចិត្តរៀបការមានគ្រួសារ បើទោះបីជាម្តាយរបស់ខ្លួនបានចែកឋានអស់ពេលជាច្រើនឆ្នាំក្តី ។
កន្លងមកលោក អ៊ុន សិទ្ធា ចង់រៀបការដើម្បីបំពេញបំណងម្តាយរបស់ខ្លួនណាស់ ប៉ុន្តែចាប់តាំងពីម្តាយខ្លួនទទួលមរណៈភាព មកទល់ពេលនេះ លោកនៅតែពុំទាន់គិតគូរពីរឿងប្រពន្ធកូនទៀត រហូតធ្វើឱ្យមិត្តក្នុងសិល្បៈនិយាយចំអែចំអន់លោកថា តាំងពីបែកគ្នាជាមួយសង្សារចាស់មកលោក អ៊ុន សិទ្ធា លែងចង់រៀបការ ឬមានគូស្នេហ៍ទៀតហើយ ព្រោះមិនចង់ឈឺចាប់ ។
ជុំវិញរឿងដែលលោក អ៊ុន សិទ្ធា មិនព្រមយកភរិយានេះត្រូវបានតារារូបនេះបញ្ជាក់ប្រាប់ថា ជីវិតលោកនៅលំបាក មិនមានលុយគ្រប់គ្រាន់ទៅដណ្តឹង និង ចញ្ចឹមកូនគេរស់នៅទេ ទើបលោកសុខចិត្តនៅលីវមកដល់ពេលនេះ លោកទទួលស្គាល់ថា ការរស់នៅម្នាក់ឯងមិនមែនជារឿងងាយស្រួលទេ ជាពិសេសពេលឈឺស្កាត់យប់ព្រលប់ ពិតជាចង់មានអ្នកជួយមើលថែ ប៉ុន្តែលោកមិនមានអ្វីគ្រប់គ្រាន់ដើម្បីរៀបចំគ្រួសារក្នុងពេលនេះឡើយ ។
លោក អ៊ុន សិទ្ធា គឺជាតារាសម្តែងលេចធ្លោមួយរូបដែលមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ លោកធ្លាប់លេចមុខក្នុងភាពយន្តខ្នាតធំជាច្រើន ជាក់ស្តែងរយៈពេលជាច្រើនឆ្នាំមកនេះ លោកទទួលបានបទពិសោធច្រើនក្រាស់ក្រែលពីអាជីពសម្តែង មិនថាតួឯក តួរង តួឆ្កូត ឬតួអង្គបែបណាឡើយ គឺលោកសម្តែងបានយ៉ាងល្អ ថែមទាំងទទួលបានការសរសើរពីសំណាក់អ្នកដឹកនាំរឿងផងដែរ ។
លោក អ៊ុន សិទ្ធា មិនខ្វល់ថា អ្នកដឹកនាំរឿងចង់ឱ្យលោកសម្តែងតួអង្គបែបណាទេ គឺលោកទទួលថតទាំងអស់ សំខាន់ឱ្យតែនិយាយត្រូវថ្លៃគ្នា ៕