លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានអះអាង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ។ ការរកឃើញនេះ នៅថ្ងៃទី២ សីហា ក្រោយពីលោកបានដឹកនាំកងកម្លាំង មានសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេល ៣ថ្ងៃ។
ក្រោយបាត់ខ្លួនភ្លាមៗ របស់យុវតីខាងលើនេះ ក្នុងពេលពេលបោះតង់លើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត កាលពីរាត្រីថ្ងៃ២៩ កក្កដា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្ដកំពត បានដឹកនាំកងកម្លាំងចេញស្វែងរកជនរងគ្រោះតែម្តង ដោយដើរតាមជ្រោះពីក្រោមឡើង ទៅលើភ្នំជាហូរហែរ។
បើតាមការបញ្ជាក់ពីលោកស្នងការ យុវតីដែលបាត់ខ្លួនម្នាក់ ក្នុងចំណោមមិត្តភក្តិ៤នាក់ បាននាំគ្នាទៅបោះតង់នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែតំបន់នោះមានភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើអោយទឹកជ្រោះមានលំហូរខ្លាំងមកប៉ះចំកៅស៊ូតង់របស់ពួកគេជាហេតុធ្វើអោយយុវជន យុវនារីចំនួន ៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដែលកំពុងជ្រកភ្លៀងក្នុងតង់នោះហូរតាមទឹក។ យុវជន២នាក់រស់រានមានជីវិតក្នុងនោះមាន១នាក់ត្រូវបានសង្គ្រោះដោយក្រុមទេសចរទាន់ពេលវេលា និង១នាក់ទៀត ទើរជាប់ថ្ម។
ដោយឡែក យុវតី២រូបទៀតបានបាត់បង់ជីវិតដោយក្នុងនោះមានយុវតីម្មាក់ស្លាប់ភ្លាមៗក្នុងតង់ហូរតាមទឹកក្នុងថ្ងៃកើតហេតុ និងយុវតីដែលទើបរកឃើញនៅថ្ងៃនេះក៏បាត់បង់ជីវិតដែរ។ សាពសពរបស់យុវតីនេះ ត្រូវបានរកឃើញនៅវេលាម៉ោង១២និង២៥នាទីរសៀល ដោយមន្ត្រីនគរបាលខេត្តកំពតដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅក្រោមថ្មចំងាយចន្លោះពី៣០០ទៅ៤០០ម៉ែត្រពីកន្លែងកើតហេតុ។ ជនរងគ្រោះទាំងនេះធ្វើដំណើរមកពីស្រុកបាទី ខេត្តតាកែវ។
ក្រោយបេសកម្មត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ អរគុណដល់កំលាំងពាក់ពន្ធ័ទាំងអស់ដែលបានជួយទាំងយប់ទាំងថ្ងៃ ជាពិសេសបងប្អូនប្រជាការពារទាំងអស់នៅឃុំម៉ាក់ប្រាង្គ ក្នុងការស្វែងរកប្អូនស្រីខួច។ “យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព (ប្អូនស្រីខួច)”។ នេះជាការបន្ថែមពីលោកស្នងការនគរបាលខេត្ដកំពត៕