តារាសម្តែង ស៊ឹម ស្រីនិច មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានឡើងនៅពេលដែលគ្រប់គ្នានិយាយថា នាងមានស្វាមី និង មានគ្រួសាររួច ដូច្នេះហើយទើបនាងចេញមុខប្រកាសក្តែងៗថា ថា នាងធ្លាប់មានសង្សារ ប៉ុន្តែមិនទាន់មានស្វាមី ដូចពាក្យដែលទស្សនិកជននិយាយឡើយ ដោយសារនាងចង់ទុកពេលវេលាមើលថែសុខភាពខ្លួន ។
កាលពីអំឡុងឆ្នាំ ២០២១ ស៊ឹម ស្រីនិច ធ្លាប់បាននិយាយថា នាងចាកចេញពីសិល្បៈដើម្បីរៀបចំជីវិតគូ និងធ្វើការងាររកស៊ីតាមបំណងម្តាយខ្លួន ដោយឡែកនៅក្នុងឆ្នាំ ២០២២ ពេលត្រឡប់មកកាន់វិថីសិល្បៈវិញ នាងស្រាប់តែប្រែប្រួលខុសប្លែកពីមុន ហើយនាងក៏មិនចង់និយាយពីរឿងចាស់ដែរៗ ដូច្នេះហើយទើបធ្វើឱ្យមិត្តភក្តិនិងមហាជនជាច្រើនគិតថា ស៊ឹម ស្រីនិច មានបញ្ហាជាមួយគូស្នេហ៍ទើបត្រឡប់មកកាន់វិស័យចាស់ដែលបានធ្វើឱ្យនាងល្បីឈ្មោះ ។
ស៊ឹម ស្រីនិច ក៏កំពុងលេចមុខក្នុងរឿងភាគនិងរឿងដុំជាច្រើន បន្ទាប់ពីសំងំថតរឿងឡើងវិញអស់រយៈពេលជាងមួយឆ្នាំ ។ ដើម្បីបញ្ចប់ រឿងរ៉ាវដែលថា ស៊ឹម ស្រីនិច ធ្លាប់មានស្វាមី តារាស្រីរូបនេះបានបញ្ជាក់ប្រាប់ថា នាងធ្លាប់មានសង្សារ ប៉ុន្តែមិនធ្លាប់មានស្វាមីទេ ដូច្នេះសូមទស្សនិកជនឈប់យល់ច្រឡំទៀតទៅ ។ សម្រាប់នាង ស្នាហាគឺជាការស្មោះត្រង់យ៉ាងជាក់លាក់បំផុត បើបានស្គាល់មនុស្សល្អហើយនាងនឹងបើកចំហមិនលាក់លៀមទេ ។
ស៊ឹម ស្រីនិច សុំមិននិយាយរឿងស្នេហានៅក្នុងពេលនេះ ដោយនាងចង់ទុកពេលវេលាដើម្បី ធ្វើការងារឱ្យបានល្អ ហើយព្យាយាមថែទំាសុខភាពឱ្យបានល្អ កុំឱ្យដូចកាលពី ៧ ឆ្នាំមុន គឺសុខភាពនាងមិនល្អឡើយ ឈឺជាប់រហូតធ្វើការងារអ្វីមិនបាន ។
ថ្វីដ្បិតតែពេលនេះ ស៊ឹម ស្រីនិច ទទួលការងារសម្តែងឡើងវិញ ប៉ុន្តែរយៈពេលប៉ុន្មានខែនេះនាងបានបដិសេធមិនទទួលថតភាពយន្តប្រមាណជាង ១០ រឿងហើយ ដោយសារនាងចង់ទុកពេលវេលាថតរឿងខ្នាតធំមួយ ហើយមានពេលទំនេរគឺទុកសម្រាប់ថែទាំសុខភាពខ្លួន ៕