តារាសម្តែង រចនា រ៉ាវ៉ាឌី បានឆ្លងថ្ងៃកំណើតវ័យ ២៣ ឆ្នាំរបស់យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ ហើយនាងទទួលបានកាដូពិសេសៗជាច្រើនក្នុងឆ្នាំនេះ ជាពិសេសកាដូធំបំផុតដែលនាងទទួលបាន គឺគូស្នេហ៍អាថ៌កំបាំងនាងបានសុំនាងរៀបការផងដែរ ។
ស្ថិតក្នុងវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី កាន់តែពេញរូបពេញរាង និងមានសម្រស់ស្រស់ស្អាត ដែលធ្វើឱ្យបុរសជាច្រើនចាប់ចិត្តប្រត្តិព័ត្រ ជាពិសេសតាំងពីទៅហាត់ប្រាណសម្រករាងដើម្បីបានរាងស្លីមស្អាត កាន់តែធ្វើឱ្យ នាងមានទំនុកចិត្ត ក្នុងការស្លៀកពាក់សិចស៊ីវាលកចំហដើមទ្រូងជាដើម…ជាក់ស្តែងមុនថ្ងៃកំណើតនាងមកដល់ប៉ុន្មានថ្ងៃ នាងបានទៅសមុទ្រលំហែកាយ ព្រមទាំងស្លៀកឈុតប៊ីគីនីយ៉ាងស្រស់ស្អាត បង្អូតសម្រស់វ័យ ២៣ ឆ្នាំរបស់ខ្លួនទៀតផង ដែលធ្វើឱ្យបុរសៗតាមសម្លឹងមើលគ្រប់ៗគ្នា ។
ដោយឡែកនៅក្នុងថ្ងៃខួបកំណើតរបស់តារាសម្តែង រចនា រ៉ាវ៉ាឌី ក្នុងឆ្នាំនេះវិញ ក៏មិនធម្មតាដែរ ដោយនាងបានរៀបចំយ៉ាងធំដុំ និងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ រចនា រ៉ាវ៉ាឌី បានបង្ហាញពីអារម្មណ៍របស់ខ្លួនក្នុងថ្ងៃកំណើតនោះថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងថ្ងៃកំណើតវ័យ ២៣ ឆ្នាំនេះ ពីព្រោះឆ្នាំនេះនាងបានរៀបចំកម្មវិធីប្លែកជួបជុំមិត្តភក្តិនៅខាងក្រៅ ដើម្បីជជែក និងរាំលេងយ៉ាងសប្បាយរីករាយ ជាពិសេសបានទទួលកាដូគួរឱ្យស្រឡាញ់ច្រើនពីមិត្តភក្តិ។
ក្រៅពីទទួលបានកាដូជាច្រើនពីមិត្តភក្តិ នៅក្នុងថ្ងៃពិសេសនោះ រចនា រ៉ាវ៉ាឌី ក៏ទទួលបានកាដូពិសេសមួយផ្សេងទៀតពីគូស្នេហ៍អាថ៌កំបាំងនាងផងដែរ សូម្បីតែមិត្តស្និទ្ធស្នាលរបស់នាងក៏បានបង្ហើបប្រាប់ថា គូស្នេហ៍ រចនា រ៉ាវ៉ាឌី ថែមទាំងចងរៀបពិធីសុំនាងរៀបការនៅក្នុងថ្ងៃពិសេសនោះគ្រាន់តែ រចនា រ៉ាវ៉ាឌី មិនព្រមឱ្យរៀបចំប៉ុណ្ណោះ ពីព្រោះនាងចង់លាក់ទុកជាអាថ៌កំបាំង ។
ចំពោះរឿងនេះ រចនា រ៉ាវ៉ាឌី មិនបានឆ្លើយតបអ្វីច្រើនទេ នាងគ្រាន់តែនិយាយយ៉ាងខ្លីថា កាដូទាំងអស់ដែលនាងទទួលបានគឺពិសេសដូចគ្នា នាងនៅពុំទាន់មានអ្នកពិសេសនៅឡើយទេ ។
ថ្វីដ្បិតតែ រចនា រ៉ាវ៉ាឌី ព្យាយាមលាក់បាំងពីរឿងឯកជនរបស់ខ្លួនក្តីប៉ុន្តែសម្រាប់អ្នកសិល្បៈសុទ្ធតែបានដឹងថា រចនា រ៉ាវ៉ាឌី មានគូស្នេហ៍ជាអ្នកមានទ្រព្យ ថែមទាំងបានជួយទំនុកបំរុង និងបើកហាងរកស៊ីដល់នាងផងដែរ ៕