ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
សូមជម្រាបថា ងចំណោមនិស្សិតទាំង២៤នាក់ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ ជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ជប៉ុនជាប្រទេសមិត្តដ៏ល្អជាមួយកម្ពុជា ដែលតែងផ្ដល់ជំនួយអភិវឌ្ឍ និងជំនួយឥតសំណងមកដល់កម្ពុជា មានចំណងមិត្តភាពយូរអង្វែង។ ឯកឧត្តមបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ដែលសិក្សានៅប្រទេសជប៉ុន សូមចូលរួមជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសកម្មភាពដែលគណបក្សប្រជាជនកម្ពុជារៀបចំនៅប្រទេសជប៉ុន ចូលរួមជាមួយសហគមន៍ប្រជាជនកម្ពុជាដែលនៅទីនោះ។ នៅប្រទេសជប៉ុនមាននិស្សិត និងប្រជាជនកម្ពុជាជាង២ម៉ឺន៥ពាន់នាក់ និងតែងជួបជុំគ្នាប្រារព្ធពិធីកម្សាន្តផ្សេងៗ៕