គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។
លទ្ធផលបណ្តោះអាសន្ននេះ បានឲ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០ ១៥៤សំឡេង។
បើតាមតារាងលទ្ធផលបណ្តោះអាសន្នក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១នាក់។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់៕
អត្ថបទ៖ អក្ខរា