មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក ,ក្រសួងសេដ្ឋកិច្ច ,ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បានកំពុងអនុវត្តជាបន្ទាន់នូវផែនការ ការងារវិនិយោគរយៈពេលវែងនៃវិស័យធនធានទឹក។ទន្ទឹមគ្នានេះ ភាគីខាងលើ ក៏គ្រោងនឹងទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ។
ក្នុងឱកាសចុះពិនិត្យលើការងារក្នុងការដ្ឋានប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា
ថ្នាក់ដឹកនាំក្រសួងធនធានទឹក ជាមួយសហការីជាតិ-អន្តរជាតិ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះធ្វើការពិនិត្យលើការងារចំនួន២សំខាន់ៗ រួមមាន៖ ពិនិត្យវឌ្ឍនភាពការដ្ឋានធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំស្ទឹងជីនិត និងអញ្ជើញទៅពិនិត្យទីតាំងការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទីII ស្ថិតនៅក្នុងបរិវេណមន្ទីរធនធានទឹក និងឧតុនិយម ក្នុងតំបន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំបន្តទៀត។
លោក ចាន់ ស៊ីណាត បានឱ្យដឹងបន្តថា បន្ទាប់ពី លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក បានអញ្ជើញចុះពិនិត្យលើគ្រោះហានិភ័យដែលកើតឡើងដោយជំនន់ទឹកភ្លៀងក្នុងបរិមាណដ៏ច្រើននាពេលកន្លងមក ដែលបរិមាណទឹកទាំងនេះ បានប្រមូលផ្តុំគ្នាពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើធ្វើឱ្យធារទឹកកើនឡើងធំជាង ២៥០ ម៉ែត្រគូបក្នុងមួយនាទីត្រង់ភូមិសាស្រ្តប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតនេះ បានបណ្តាលឱ្យបាក់ទំនប់បង្ហៀរនាពេលនោះ។
ហេតុនេះ ដោយមើលឃើញពីបុព្វហេតុនេះហើយ លោកបានបន្តថា៖« ក្រសួងធនធានទឹក បានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច ,ADB និងធនាគារ EIB រៀបចំផែនការ ការងារវិនិយោគរយៈពេលវែងនៃវិស័យធនធានទឹក និងឧតុនិយមកម្ពុជា ដោយក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ នឹងធ្វើទំនើបកម្មជាបន្ទាន់លើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនឹងមានលក្ខណៈទប់ទល់ដ៏រឹងមាំនឹងបម្រែបម្រួលអាកាសធាតុលើគ្រប់ខណៈទាំងអស់ក្នុងធារទឹករហូតដល់ធំជាង ៥៥០ ម៉ែត្រគូបក្នុងមួយនាទីទៅ ទៀត»។
គួរបញ្ជាក់ដែរថា ភាគីខាងល់ក្រៅពីគ្រោងធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំស្ទឹងជីនិតហើយនោះ។ក្រសួងធនធានទឹក ក៏បានអះអាងដែរថា ក្នុងផែនការការងាររយៈពេលវែងសម្រាប់វិស័យធនធានទឹក និងឧតុនិយម ភាគីខាងលើ ក៏សម្រេចបោះទុនវិយោគធ្វើការសាងសង់នូវស្ថានីយរ៉ាដាតេជោសែនទីII ក្នុងក្រុងស្ទឹងសែន ក្នុងបរិវេណមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំមួយទៀត ដើម្បីធានាដល់សុវត្ថិភាព សុក្រឹតភាព និងស័ក្តិសិទ្ធភាពក្នុងការព្យាករគ្រប់ទិន្នន័យនៃវិស័យឧតុនិយមថែមទៀត៕
អត្ថបទ៖ពិសី