ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានព្រមានពីការហក់ឡើងនៃទឹកទន្លេមេគង្គក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដែលរួមមានខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៣១កក្កដា២០២៣នេះ ក្រសួងបញ្ជាក់ថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប បណ្តាលអោយនៅតំបន់រងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។
ស្ថានភាពបែបនេះ នឹងធ្វើអោយទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់ក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសមានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧.៦៥ម៉ែត្រ ខេត្តក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ ១៦.៧០ម៉ែត្រ និងខេត្តកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ម៉ែត្រ។
ទោះជាយ៉ាងណា ក្រសួងធនធានទឹក បានឲ្យដឹងថា ទឹកទន្លេមេគង្គដែលហក់ឡើងនៅពេលខាងមុខនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ អក្ខរា