លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថាការតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងទំហំតែ 64Kbps ប៉ុណ្ណោះតាមរយៈផ្កាយរណបវីសាត ទៅត្រង់ស៊ីតនៅប្រទេសសឹង្ហបុរី ហើយអ្នកផ្តួចផ្តើមបង្កើតដោយក្រុមការងារនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចុប្បន្ន សហការទំនុកបម្រុងដោយអង្គការអន្តរជាតិនៃមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសកាណាដានៅខែឧសភា ឆ្នាំ១៩៩៧។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់របស់ លោក អ៊ឹម វុត្ថា ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថា ពេលនោះហើយដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតមជ្ឈមណ្ឌលផ្តល់សេវាអ៊ិនធឺណិតតដំបូងគេបង្អស់ ដោយដាក់ឈ្មោះថា«មជ្ឈមណ្ឌលខេមណិតឬCamnet Center»ដែលកាលណោះបណ្តាញតភ្ជាប់អ៊ិនធឺណិតនេះ ដាក់ឱ្យដំណើរ ការជាសាធារណៈត្រឹមតែតំណភ្ជាប់បច្ចេកវិទ្យាបញ្ជូនសារអេឡិកត្រូនិកឬហៅថាe-mail តាមរយ:តំណភ្ជាប់តាមខ្សែទូរស័ព្ទហៅថា Dial-up និងប្រើប្រាស់អាសយដ្ឋានពិធីការឬហៅថា IP របស់ប្រទេសសឹង្ហបុរី។បន្ទាប់មក ក៏កកើតឡើងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិតមួយទៀត ហៅថា BigPond (បច្ចុប្បន្ន គឺ Cogetel/Online) ដែលប្រើប្រាស់អាសយដ្ឋានពិធីការ IP របស់ប្រទេសអូស្ត្រាលី ដោយសារអ្នកគ្រប់គ្រងមេរបស់គាត់គឺក្រុមហ៊ុនតែលស្រ្តា។
លោកបន្តថា«នៅក្នុងឆ្នាំ២០០១បណ្តាប្រតិបត្តិករទាំងអស់កើតឡើងជាបន្តបន្ទាប់នៅលើទីផ្សារអ៊ិនធឺណិតនៅកម្ពុជា ដែលពួកគេបានប្រើប្រាស់អាសយដ្ឋានពិធីការ ឬ IP របស់ខ្លួន តាមរយៈស្នើសុំទៅអង្គការអន្តរជាតិមួយឈ្មោះថា «មជ្ឈមណ្ឌលបណ្តាញអ៉ីនធឺណិតអាស៊ីប៉ាស៊ីហ្វិក ហៅថា APNIC»រហូតដល់សព្វថ្ងៃ។ក្រោយមកបច្ចេកវិទ្យាអ៊ិនធឺណិតនេះដែលមានល្បឿនលឿនទៅៗ ចំនួនអ្នកប្រើប្រាស់កាន់តែកើនឡើង ទន្ទឹមនឹងការហក់ចូលនៃបច្ចេកវិទ្យាបណ្តាញតភ្ជាប់តាមរយៈខ្សែកាប្លិ៍អុបទិកមកដល់កម្ពុជានៅក្នុងឆ្នាំ១៩៩៧ ផងដែរ ដែលបណ្តាញដំបូងបំផុតបានត្រូវសិក្សានិងសាងសង់ពីព្រំប្រទល់វៀតណាម ដល់ព្រំប្រទល់ថៃឡង់ដ៍ តាមបណ្តោយផ្លូវជាតិលេខ១ និងលេខ៥ ឆ្លងកាត់រាជធានីភ្នំពេញ ដាក់ឲ្យដំណើរការរបស់ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ទូច ហេង ដែលបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើនឹងរដ្ឋមន្រ្តី និងអ្នកចុះអនុវត្តផ្ទាល់ដោយក្រុមការងារដែលដឹកនាំដោយរូបខ្ញុំបាទ អ៊ឹម វុត្ថា បច្ចុប្បន្នជាទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានឋានៈស្មើនឹងរដ្ឋលេខាធិការ។
បណ្តាញខ្សែកាប្លិ៍អុបទិកនេះ ជាបណ្តាញតភ្ជាប់ក្នុងប្រទេសនិងអន្តរជាតិដំបូងបង្អស់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ហើយក៏ជាបណ្តាញភ្ជាប់អ៊ិនធឺណិតអន្តរជាតិដីគោកឆ្ពោះទៅប្រទេសហុងកុង និងសឹង្ហបុរី តាមរយៈបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររបស់ប្រទេសវៀតណាម និងថៃឡង់ដ៍។
+ ដោយសារទំហំបញ្ជូនអ៉ីនធឺណិតរបស់កម្ពុជាយើងមានមិនលើសពី 10 Gbps មុនឆ្នាំ២០១០ នោះសហគមខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រអន្តរជាតិធំៗលើសកលលោក គេមិនអនុញ្ញាតឲ្យកម្ពុជាយើងចូលតភ្ជាប់បណ្តាញក្រោមបាតសមុទ្រនេះឡើយ។
លោក អ៊ឹម វុត្ថា គូសបញ្ជាក់ថា«លុះដល់ឆ្នាំ២០១៧ និង២០១៨ ទើបកម្ពុជាមានសមត្ថភាពទុន និងទំហំប្រើប្រាស់កាន់តែច្រើនសម ល្មមនឹងចូលរួមជាសមាជិកសហគមនោះបាន ទើបយើងមានបណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រដែលវិនិយោគដោយក្រុមហ៊ុនឯកជនពីរ គឺ ១) ក្រុមហ៊ុនថែលកូថេក (MCT) និង២) ក្រុមហ៊ុនចិន CFOCN (AAE-1) ដែលកំពុងដំណើរការតភ្ជាប់យ៉ាងសកម្មរបស់បណ្តាញអ៊ិនធឺណិតល្បឿនលឿននៅកម្ពុជាយើង»៕
អត្ថបទ៖សារេត