សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចតេជោ បានថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រៅពីសម្តេចឈប់បន្តកាន់តែតំណែងជានាយករដ្ឋមន្ត្រី ក្នុងនោះ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន ក៏នឹងលាលែងពីមុខតំណែងបច្ចុប្បន្នដែរ ហើយគណៈរដ្ឋមន្ត្រីគឺសុទ្ធតែជាមន្ត្រីវ័យក្មេង ដោយមានអ្នកជំនាន់មុននៅពីក្រោយ។ សម្តេចតេជោ ក៏បានប្រកាសឈរជាបេក្ខជនតំណែងព្រឹទ្ធសភា បន្តពីសម្តេច សាយ ឈុំ ដែលមានវ័យចំណាស់។
បើតាមសម្តេចតេជោ ហ៊ុន សែន ទោះបីសម្តេចលាឈប់ពីនាយករដ្ឋមន្ត្រី ក៏សម្តេចនៅតែធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល៕
អត្ថបទ៖ អក្ខរា