ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដានេះ បានចេញសេចក្ដីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល។
ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប) ដូចខាងក្រោម៖
១. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញ នាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។
២. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អតប តែម្ដងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។
៣. សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬ ចែកចាយបន្តបារីនាំចូលទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ សេចក្ដីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ៕