មន្ត្រីចាស់ទុំ ដែលមានបទពិសោធន៍ និងជាឥស្សរជនតស៊ូផងនោះ លោក ផៃ ប៊ុនឈឿន ជាអតីតអភិបាលរងខេត្តកណ្តាល ហើយក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តថ្មីជំនួសលោកឈុន ស៊ីរុន អភិបាលខេត្តចាស់ដែលត្រូវចូលនិវត្តន៍ កាលពីថ្ងៃទី៣ ឧសភា ២០១៣។
បច្ចុប្បន្នលោក ផៃ ប៊ុនឈឿន កំពុងកាន់តំណែងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ផៃ ប៊ុនឈឿន មានកូនប្រុសស្រីចំនួន ៥នាក់ ដែលសុទ្ធសឹងតែទទួលបានការអប់រំខ្ពង់ខ្ពស់ បច្ចុប្បន្នកូនរបស់លោកបានចូលបំពេញការងារជាមន្រ្តីរាជការស្ទើរគ្រប់គ្នាទៅហើយ។ អ្វីដែលជាការកត់សម្គាល់កូនប្រុសស្រីលោកកាន់តួនាទីសំខាន់ៗ និងដឹកនាំកងកម្លាំងដល់ទៅ២រូប។
ទី១ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត កូនប្រុសច្បងកាន់តំណែងជាស្នងការនគរបាលខេត្តកណ្តាល ទី២ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង ដែលទើបតែងតាំងពេលថ្មីៗកន្លងទៅ ទី៣ លោក ឈឿន ប៊ុណ្ណារ័ត្ន បច្ចុប្បន្នកំពុងកាន់ដំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ ទី៤ លោក ឈឿន ប៊ុណ្ណារិទ្ធិ ជាវេជ្ជបណ្ឌិត បំរើការងារនៅមន្ទីរសុខាភិបាលខេត្តកណ្តាល និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ស្ថិតនៅក្នុងក្រុងតាខ្មៅ។
ចំណែកូនស្រីពៅរបស់លោក ផៃ ប៊ុនឈឿន ដែលកំពុងកាន់តំណែងជាអភិបាលរងក្រុងតាខ្មៅ ខេត្តកណ្តាល គឺលោកស្រី ឈឿន បុប្ផារ័ត្ន៕