សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។នេះបើយោងតាមរយៈសេចក្តីថ្លែងការណ៍រួម ដែលផ្សាយចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ជុំវិញសេចក្តីថ្លែងការណ៍រួមនេះដែរ លោក Andrey Maximov ប្រធានគណៈកម្មការអភិវឌ្ឍដែនដី រិស្ថានទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនៃសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី បានគូសបញ្ជាក់ថា៖ «នៅថ្ងៃបោះឆ្នោត ពុំឃើញមានអំពើហិង្សា ឬបណ្តឹងតវ៉ាពីអ្នកបោះឆ្នោត បេក្ខជនគណបក្សនយោបាយ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ ហើយក៏មិនមានឃើញកើតមានសកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ឬទិញសន្លឹកឆ្នោតឡើយ»។
គួរបញ្ជាក់ដែរថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ីនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕