មន្ទីរពេទ្យគន្ធបុប្ផា សុំចិត្តម្ចាស់ផេកហ្វេសប៊ុកមួយកុំបង្ហោះជេរប្រមាថមន្ទីរពេទ្យជាសាធារណៈ នាំឲ្យមានការភ័ន្តច្រឡំ

មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍មួយ ដែលបានបង្ហោះvideo clip ថតក្នុងទីធ្លាពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងថតសម្លេងខ្លនឯងដោយសេចក្តីខឹងក្រោធក្នុង Facebook មាន account ឈ្មោះ T & S Online (បង្ហោះតែប៉ុន្មាននាទីក្រោយប៉ុណ្ណោះ) ដោយពុំដឹងរឿងរ៉ាងយ៉ាងណានោះទេ (?) ហើយត្រូវបានបណ្តាញសង្គម​ចែក​ចាយ​ព្រោងព្រាត ដែលអាចនាំឲ្យសាធារណជនភ័ន្តច្រឡំ។

មន្ទីរពេទ្យ សូមអញ្ជើញម្ចាស់គេហទំព័រ”T & S Online មកបកស្រាយនៅការិយាល័យរដ្ឋបាល ឬកែតម្រូវយ៉ាងណានោះ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរនៃបុគ្គលគ្រប់រូប ដែលរស់នៅក្នុងសុខសន្តិភាព ចេះយោគយល់គ្នា និងការពារកេរ្តិ៍ឈ្មោះកិត្តិយសមន្ទីរពេទ្យរបស់កុមារកម្ពុជាយើង។

បើតាមមន្ទីរពេទ្យគន្ធបុប្ផា “មន្ទីរពេទ្យរង់ចាំរាល់ការរិះគន់ស្ថាបនានិងខិតខំកែលម្អរចំណុចខ្វះខាតជាប្រចាំ តែមិនចង់បានការជេរប្រមាថជាសាធារណៈនោះទេ។ យើងនឹងបន្តខិតខំបម្រើសេវាសុខភាពកុមារឲ្យបានល្អជានិច្ច និងថែរក្សាមន្ទីរពេទ្យមួយនេះ ឲ្យនៅតែជាមន្ទីរពេទ្យទេវតាកុមារ ជាដរាបរៀងទៅ។សូមអរគុណអស់ពីដួងចិត្ត ចំពោះ​ការគាំទ្ររបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ពិសេសអំពីប្រជាជនស្វីសផងដែរ”៕

អត្ថបទ៖ អក្ខរា