រយៈពេល ៣០ឆ្នាំមកនេះ កម្ពុជាបានរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវគោលការប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាយ៉ាងទៀងទាត់រយៈពេល ៥ឆ្នាំម្តង ចាប់ពីឆ្នាំ១៩៩៣ មក ដូចខាងក្រោម ៖
– បោះឆ្នោតនីតិកាលទី១ : ២៣-២៨ ឧសភា ១៩៩៣
– បោះឆ្នោតនីតិកាលទី២ : ២៦ កក្កដា ១៩៩៨
– បោះឆ្នោតនីតិកាលទី៣ : ២៧ កក្កដា ២០០៣
– បោះឆ្នោតនីតិកាលទី៤ : ២៧ កក្កដា ២០០៨
– បោះឆ្នោតនីតិកាលទី៥ : ២៨ កក្កដា ២០១៣
– បោះឆ្នោតនីតិកាលទី៦ : ២៩ កក្កដា ២០១៨
– បោះឆ្នោតនីតិកាលទី៧ : ២៣ កក្កដា ២០២៣
រីឯទិដ្ឋភាពនៃការចូលរួមរបស់គណបក្សនយោបាយនៅតែមានភាពរស់រវើកដោយមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតយ៉ាងសស្រាក់សស្រាំ។ ក្នុងការបោះឆ្នោតខ្លះ មានគណបក្សចូលរួមរហូតដល់ទៅជិត ៤០គណបក្ស។ ដោយឡែកការបោះឆ្នោតឆ្នាំ២០២៣ នេះ មានគណបក្សចូលរួមប្រកួតប្រជែងរហូតដល់ទៅ ១៨ គណបក្ស។
អត្រាអ្នកចេញទៅបោះឆ្នោតនៅតែមានភាគរយខ្ពស់ចន្លោះពីជិត ៧០ភាគរយរហូតដល់ជាង ៩០ភាគរយ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ នេះ អត្រាអ្នកចេញទៅបោះឆ្នោតមានភាគរយខ្ពស់បំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ រហូតដល់ទៅជាង ៨៤ភាគរយ។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដ៏រឹងមាំរយៈពេលជាង ៤ទសវត្សរ៍ នៅតែរក្សាបានការគាំទ្រពីប្រជាពលរដ្ឋមិនស្រកស្រុត។ ជោគជ័យដ៏ខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺការបោះឆ្នោតឆ្នាំ២០១៨ ដោយទទួលបាន ១២៥/១២៥ អាសនៈ, ហើយបើតាមលទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជានៅតែទទួលបានអាសនៈស្ទើរតែទាំងអស់ គឺរហូតដល់ទៅ ១២០/១២៥ អាសនៈ។
ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា