លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចេញមកអរគុណដល់បងប្អូនដែលបានបោះឆ្នោតជូន គបម ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ។
លោក យ៉េង វីរៈ បានលើកឡើងថា លទ្ធផលបោះឆ្នោតបឋម បានចេញហើយ លោកបានឃើញ និងគោរពទទួលស្គាល់ការសម្រេចចិត្តរបស់បងប្អូនម្ចាស់ឆ្នោត។
បើតាមលោក វីរៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ គបម គ្រាន់តែបង្កើតជាជម្រើសជូនបងប្អូនប៉ុណ្ណោះ ព្រោះវាជាផ្លូវតែមួយគត់ដែលឲ្យយើងអាចដោះស្រាយបញ្ហានិងស្រោចស្រង់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្រាប់រូបលោកផ្ទាល់ ទោះបងប្អូនមិនបានបោះឆ្នោតគាំទ្រឲ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏លោកមិនមានការខកចិត្ត ខកបំណងអ្វីដែរ។
លោក យ៉េង វីរៈ បានសរសេរសារក្នុងដើមយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលមានបំណងប៉ងលើតំណែងតួនាទីអ្វីទេ ខ្ញុំបានបំពេញការងារកន្លងមកដោយមនសិការសុច្ចរិត និងពេញចិត្តនឹងបំពេញការងាររក្សាឧត្តមគតិ ពង្រឹងគោលជំហររឹងមាំទោះជាឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ។ ខ្ញុំសង្ឃឹមថាបងប្អូន (ទាំងអ្នកបានគូសយក និងអ្នកគូសចោល) ពេញចិត្តនឹងលទ្ធផលនេះ ក្នុងការប្រគល់អំណាចទៅគណបក្ស/បេក្ខជនជាប់ឆ្នោតឲ្យធ្វើជាតំណាងការពារសិទ្ធិប្រយោជន៍ខ្លួននិងដឹកនាំប្រទេស»។
លោក យ៉េង វីរៈ ក៏បានអំពាវនាវឲ្យបង្កើតសាមគ្គីភាពជាមួយមនុស្សជុំវិញខ្លួនដោយមិនប្រកាន់បក្សពួក និងយកចិត្តទុកដាក់នឹងបញ្ហាសង្គម ដោយតាមដានត្រួតពិនិត្យសកម្មភាពអ្នកតំណាងរបស់ខ្លួនក្នុងការអនុវត្តតួនាទីដឹកនាំប្រទេស។
ជាមួយគ្នានេះ លោកក៏សូមអរគុណជាអនេកដល់ ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន សមាជិក និងអ្នកគាំទ្រ គបម ទាំងអស់ចំពោះការគាំទ្រនិងលើកទឹកចិត្តកន្លងមក។ សកម្មភាពយើងកន្លងមិនមែនឥតន័យទេ វាបានបង្កើតជាគម្រូដល់ការធ្វើនយោបាយបែបប្រជាធិបតេយ្យ ការប្រកួតតាមគោលនយោបាយ បែបសុច្ចរិត និងអហិង្សា។
លោក យ៉េង វីរៈ ថ្លែងថា៖ «ជាចុងក្រោយខ្ញុំសូមផ្ទេរការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយដើម្បីបន្តវេនហើយ។ វាសនានៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាគឺអាស្រ័យលើប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាពិសេសប្អូនៗក្មួយៗជំនាន់ក្រោយ»៕