ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានឲ្យដឹងថា នេះជាលើកទីមួយហើយសម្រាប់ឯកឧត្តម ក្នុងតំណែងជាប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រថៃ ដែលបានធ្វើទស្សនកិច្ចនៅក្រៅប្រទេស គឺព្រះរាជាណាចក្រកម្ពុជាតែម្តង ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាសមាជិកអាស៊ានជាមួយគ្ន ហើយឯកឧត្តមមានអារម្មណ៍សប្បាយចិត្តជាងបានទៅបណ្តាប្រទេសនៅអឺរ៉ុបទៅទៀត។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះបច្ចេកទេសពាក់ព័ន្ធទៅនឹងការរៀបចំការបោះឆ្នោតមានផ្នែកខ្លះ ស្រដៀងគ្នា និងផ្នែកខ្លះមានភាពខុសគ្នាពីព្រះរាជាណាចក្រកម្ពុជា។ នៅថៃ មិនមានធ្វើការចុះឈ្មោះបោះឆ្នោតនោះទេ គឺបញ្ជីបោះឆ្នោតយកចេញពីក្រសួងមហាផ្ទៃ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនមានភាពខុសគ្នាខ្លះ រីឯការ ឃោសនាបោះឆ្នោតស្រដៀងគ្នានៅកម្ពុជា។ ការបោះឆ្នោតបើកដំណើរការ ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច ហើយការររាប់សន្លឹកឆ្នោត គឺរាប់នៅនឹង ការិយាល័យ បោះឆ្នោតតែម្ដង។ ចំពោះការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ២០២៣ នេះ គ.ជ.ប ថៃ ផ្សាយបានលឿនជាងការបោះឆ្នោតក្នុងឆ្នាំ២០១៩។
ឯកឧត្តមមានចំណាប់ អារម្មណ៍ជាខ្លាំងចង់ឃើញការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតរបស់ គ.ជ.ប កម្ពុជា ផង ដែរ ហើយសង្ឃឹមថា នឹងបានដកស្រង់បទពិសោធន៍ពីកម្ពុជា។ ឯកឧត្តមបន្តថា បន្ទាប់ពីបញ្ចប់បេសកកម្មនេះ ឯកឧត្តមចង់ឱ្យ មានជំនួបពិភាក្សាគ្នាជាបន្តទៀតដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាង គ.ជ.ប ថ និង គ.ជ.ប កម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបន្តជួបគ្នាក្នុងចំណោម គ.ជ.ប នៃបណ្តាប្រទេសក្នុងសមាគម អាស៊ាន។ ឯកឧត្តម អ៊ុតធីផន ប៊ុនប្រាខង សន្យាថា នឹងអញ្ជើញប្រធាន គ.ជ.ប កម្ពុជា ទៅទស្សនកិច្ចនៅថៃវិញម្តង៕
អត្ថបទ៖ អក្ខរា